(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ជិះម៉ូតូផ្សេងគ្នា ដោយម្នាក់ជាជនដៃដល់ និងម្នាក់ទៀតជិះបិទគូទ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច នៅចំណុចក្លឹបកីឡាតាមផ្លូវ១៦៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដេញតាមបង្ក្រាបបានភ្លាមៗ។

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កម្លាំងជំនាញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្តុបស្ថានទូតវៀតណាម ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្ទះលេខ១៤ ផ្លូវលេខ៤២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យទី១៖ឈ្មោះ សាត សុរតនា ហៅឆ្មា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជនដៃដល់) និងទី២៖ឈ្មោះ មាស ភារម្យ ហៅពកក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (បិទគូទ)។

ពួគគេបានធ្វើសកម្មភាពវេលាម៉ោង១១៖១៥នាទី ដោយឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងដើរបានសម្រេច នៅចំណុចផ្លូវលេខ៣៥០ កែងផ្លូវលេខ៣៦៨ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ក្រោយបញ្ចប់ការសួរនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕