(ខេត្តព្រៃវែង)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០៧នាក់ ស្រី ៨១នាក់ ដែលមកពីវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង។

ពិធីនេះ ស្ថិតក្រោមអធិបតីភាព លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកប្រធានការិយាល័យអប់រំស្រុក លោក នាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង សរុបអ្នកចូលរួមចំនួន ១៥០នាក់ ៩២នាក់។

នៅក្នុងឱកាសនោះដែរ លោក ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីសំណាក់ លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗ ចំនួន ៥ ជូនដល់យុវជនកក្រក ដែលមានវត្តមានក្នុងពិធីនោះរួមមាន៖

១៖ សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
២៖ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន ក្រីក្រ ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាស ឲ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣៖ សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។
៤៖ បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឲ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥៖ សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរតាមម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត និងជៀសឲ្យឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញៀន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ដូស និងបានគ្រប់គ្នាៗ។

សាខាខេត្ត បានឧបត្ថម្ភថវិកាជូនដល់យុវជនសរុបចំនួន ១០៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន ពោធិ៍រៀង ក្នុង ១នាក់ ទទួលបានថវិកាចំនួន ១០,០០០រៀល។ គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សាខាខេត្ត បានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំនួន ២ សរុបយុវជនចំនួន ២០៧នាក់ នៅស្រុកចំនួន ២ គឺស្រុកពារាំង និងស្រុកពោធិ៍រៀង៕