(ព្រៃវែង)៖ លោក សរ សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារទៅជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ-ឥស្លាម នៅឃុំអ្នកលឿង ស្រុកពាមរហ៍ ខេត្តព្រៃវែង ក្នុងឱកាសប្រារព្ធពិធីបុណ្យហាជ របស់ប្រជាសាសនាឥស្លាម។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ លោក សរ សុខា បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដល់ប្រជាពលរដ្ឋ ដូចជាការណែនាំពួកគាត់ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបណ្តាលឱ្យខាត់បង់សេដ្ឋកិច្ចគ្រួសារ បំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិ និងសង្គម, បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ និងទទូចឱ្យពាក់មួកសុវត្ថិភាពឱ្យបានគ្រប់គ្នា។
លោកបានបន្តថា លោកនឹងបង្កើតកម្មវិធីកីឡាបាល់ទាត់នៅទីនោះ និងឯកភាពគាំទ្រនូវការរៀបតារាងបាល់ទាត់ ដោយឧបត្តម្ភថវិកាចំនួន១ពាន់ដុល្លារ, ឯកភាពផ្តល់អាហាររូបករណ៍ជូនសិស្សនិស្សិតចំនួន២ខេត្ត និងផ្តល់ម៉ូតូអ្នកជាប់បាក់ឌុបនិទ្ទេស A ចំនួន១គ្រឿង។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ-ឥស្លាមទាំងអស់មានសិទ្ធិបោះឆ្នោត ដោយចូលថតដោយអាចប្រើស្បៃគ្របក្បាលបាន ហើយលោកបានសន្យាចូលរួមក្នុងពិធីហាជនេះ ជារៀងរាល់ឆ្នាំ និងសន្យាថានឹងអញ្ជើញសម្តេចក្រឡាហោម ឱ្យចូលរួមជាមួយប្រជាពលរដ្ឋខ្មែរ-ឥស្លាមទាំងអស់គ្នា នាពេលណាមួយ។
ក្នុងឱកាសនោះដែរ លោកបានផ្តល់មួកសុវត្ថិភាព ចំនួន៣០០មួក ជូនប្រជាពលរដ្ឋខ្មែរ-ឥស្លាមក្នុងពិធីនោះ និងបានឧបត្ថម្ភថវិកាដល់កងកម្លាំងផងដែរ។
សូមជម្រាបថា ក្រោយបញ្ចប់កម្មវិធី លោក សរ សុខា ក្រុមការងារ ស.ស.យ.ក ប្រជាពលរដ្ឋ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ បានចូលរួមដាំដើមឈើ ដើម្បីលម្អសោភ័ណភាពក្នុងភូមិឋាន រួមចំណែកក្នុងការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ៕