(កំពង់ធំ) លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាននៃស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍សរុបប្រមាណ២០០នាក់។
លោករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរដល់លោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំទាំង១០នៃស្រុកបារាយណ៍។
លោកមានជំនឿយ៉ាងមុតមាំថា ក្រុមការងារដែលមានសមាសភាពចូលរួមពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងរួមគ្នាជាធ្លុងមួយក្នុងការសហការសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត តាមរយៈការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចូលរួមបំផុសចលនាឱ្យមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រីបានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្ដទៀតថា សមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមកសម្រាប់ជាតិមាតុភូមិ និងប្រជាពលរដ្ឋទាំងអស់បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល របស់រាជរដ្ឋាភិបាលក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ និងការចាប់ផ្ដើមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១០ ត្រូវទទួលខុសត្រូវដឹកនាំ និងចាត់ចែងអនុវត្ដការងារចុះមូលដ្ឋានក្នុងឃុំរបស់ខ្លួន ផ្អែកតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពបំផុត។ ជាពិសេសត្រូវសហការរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានឃុំនីមួយៗចាប់ពីចុងខែកក្កដា ឆ្នាំ២០២៤ នេះទៅឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល និងត្រូវក្ដាប់ឱ្យបាននូវសភាពការណ៍ជាក់ស្ដែងនៅតាមមូលដ្ឋានរៀងៗខ្លួន។ បន្ថែមពីនេះទៀត លោកប្រធានក៏បានណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនីមួយៗត្រូវកំណត់របបប្រជុំ និងធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារយ៉ាងតិចមួយត្រីមាសម្ដងមកលេខាធិការដ្ឋាន៕