(ភ្នំពេញ)៖ លោក យុជី គុម៉ាម៉ារុ (Yuji Kumamaru) ឯកអគ្គរាជទូតជប៉ុន ចប់អាណ្ណត្តិ បានអះអាងថា ជប៉ុនគ្រោងនឹងជួយរថយន្ដក្រុង ២០០គ្រឿងបន្ថែមទៀត មកកម្ពុជាសម្រាប់ឆ្នាំ២០១៧-២០១៨ ខាងមុខនេះ។
លោក យុជី គុម៉ាម៉ារុ (Yuji Kumamaru) ឯកអគ្គរាជទូតជប៉ុន ចប់អាណ្ណត្តិ បានអះអាងបែបនេះ នៅក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ។ នេះបើតាម លោក ថៃ វណ្ណា ទីប្រឹក្សាឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានសម្ដែងនូវការសរសើរ និងអរគុណ ដល់លោកឯកអគ្គរាជទូតជប៉ុន ដែលបានខិតខំ ពង្រឹងពង្រីក លើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងវិស័យមិត្តភាព និងកិច្ចសហប្រតិបត្តិការ បានយ៉ាងល្អប្រសើរ ក្នុងរយៈពេល៣ឆ្នាំ៥ខែ នៃបេសកកម្មរបស់ឯកអគ្គរាជទូត ជាពិសេសឧបនាយករដ្ឋមន្ដ្រី បានអំពាវនាវឲ្យឯកអគ្គរាជទូត បន្ដជំរុញអ្នកវិនិយោគជប៉ុន ឲ្យមកកម្ពុជាកាន់តែច្រើនជាងនេះទៅទៀត។
ជាការឆ្លើយតប លោក យុជី គុម៉ាម៉ារុ ឯកអគ្គរាជទូត ដែលត្រូវបញ្ចប់អាណ្ណត្តិនៅខែក្រោយនេះ ការសម្ដែងនូវការរីករាយ ក្នុងបេសកកម្មនៅកម្ពុជា ហើយលោកបានរំលឹកថា នៅពេលដែលឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង នៅជារដ្ឋមន្ដ្រីក្រសួងការបរទេស កម្ពុជា-ជប៉ុន បានចុះហត្ថលេខាជាច្រើននៅលើការផ្លាស់ប្ដូរកំណត់ទូត ដែលជាការផ្ដល់ជំនួយជប៉ុនមក កម្ពុជា៕