(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង ចាប់ផ្តើមពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ អ្នកបោះឆ្នោតក៏អាចចូលទៅកាន់គេហទំព័រគ.ជ.ប voterlist.nec.gov.kh និង App “NEC KH” ដើម្បីពិនិត្យមើលឈ្មោះរបស់ខ្លួនផងដែរ។

ការឱ្យដឹងបែបនេះរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើងនៅក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖­ ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ, ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត, បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ដើម្បីធានាឱ្យដំណើរការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅដោយរលូនល្អ ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។

នាឱកាសនោះដែរ លោកក៏សូមអំពាវនាវចំពោះគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ .ខប) អាជ្ញា ធរដែនដី គ្រប់លំដាប់ ថ្នាក់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរព និងអនុវត្ត តាមសេចក្តីណែនាំរបស់ គ.ជ.ប និងតាមតួនាទីភារកិច្ចរបស់ខ្លួន។

លោកបានលើកឡើងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត និងការចុះបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក៏បានបញ្ចប់ផងដែរ នូវការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយត្រៀមអនុវត្តការងារជាបន្តបន្ទាប់ តាមប្រតិទិនបោះឆ្នោត ដែល គ.ជ.ប បានដាក់ចេញ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ មាន សិទ្ធិស្នើសុំបញ្ជីបោះឆ្នោតផ្លូវការច្បាប់ថតចម្លងបានដោយបង់ថ្លៃ។ តម្លៃនេះ ត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។ ម្យ៉ាងទៀតគណបក្សក៏អាចទទួលបាននូវទិន្នន័យបញ្ជីបោះឆ្នោតតាមទម្រង់ PDF ដែលបង្ហាញទិន្នន័យអំពីលេខកូដ និងឈ្មោះរាជធានី ខេត្ត លេខកូដ និងឈ្មោះក្រុង ស្រុក ខណ្ឌ លេខកូដ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត នាមត្រកូល និងនាមខ្លួនភេទ និងថ្ងៃ ខែឆ្នាំ-កំណើត តាមតម្លៃផលិតដែរ។ បញ្ជីបោះឆ្នោតផ្លូវការនេះក៏មានបង្ហោះតាមគេហទំព័រ voterlist.n ec.go v. k h និង Mobile App (NEC KH) ផងដែរ៕