(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា ILO បានសម្តែងការកោតសរសើរចំពោះ​រាជ​រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន និងដាក់​ចេញគោលនយោបាយធានារក្សាបានបរិយាកាសការងារល្អប្រសើរនៅតាមរោងចក្រ សហគ្រាស។

ការកោតសរសើរនេះ ត្រូវបានលើកឡើងដោយ លោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការ ILO ពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកស្រី Chihoko Asada-Miyakawa បានថ្លែងអំណ​រ​គុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាត​ឱ្យរូប​លោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រម​ទាំង​បានបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងអង្គការ ILO និង​កម្ពុជា និងបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។

លោកស្រីឧបការីអគ្គនាយក ក៏បានសម្តែងការអបអរ​សាទរ​ចំពោះការសម្រេចបានលទ្ធផលដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​ដាក់ចេញគោលនយោបាយគាំពារសង្គមជូនដល់គ្រួសារក្រីក្រ ក្រុមជនងាយ​រង​គ្រោះ និងកម្មករ-និយោជិត ក្នុងគ្រាលំបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបាន​សម្តែង​​ការ​គាំទ្រ​ចំពោះប្រទេសកម្ពុជាក្នុងការរៀបចំចាកចេញពីចំណាត់ថ្នាក់​ក្រុម​ប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ខាងមុខ។

ទន្ទឹមនោះ លោកស្រីឧបការីអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិ​បាល​​កម្ពុជា ដែលបានដាក់ចេញកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រ​ដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសគាំទ្រដល់​សមា​គម​​នានា​ក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្ម​ក្នុង​រោងចក្រ និងសហគ្រាស។

លោកស្រីឧបការីអគ្គនាយក ក៏បានគោរពស្នើសុំមតិយោបល់ និងអនុសាសន៍​របស់​សម្តេចធិបតី ចំពោះអង្គការ ILO ក្នុងការបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់​រាជរដ្ឋា​ភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោកស្រី Chihoko Asada​-Miyakawa និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅ​កម្ពុជា និងបានថ្លែងអំណរគុណអង្គការ ILO ចំពោះការរួមចំណែកដល់ការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់លោកស្រី​ក្នុងការ​បន្ត​គាំទ្រ និងចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី បាន​សម្តែងការគាំទ្រចំពោះកម្មវិធីដែលមានស្រាប់របស់ ILO នៅកម្ពុជា និងលើក​ទឹក​ចិត្តឱ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេស​ការ​កសាង​មូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យ​មាន​ជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

បន្ថែមលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា បន្តផ្តោតការយកចិត្តទុកដាក់ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការ​ដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៦ តាមរយៈការធ្វើឱ្យប្រសើរឡើង​ប្រព័ន្ធ​សុខា​ភិ​បាល ការកែទម្រង់ប្រព័ន្ធអប់រំ និងកិច្ចគាំពារសង្គមជាដើម។

ពាក់ព័ន្ធការលើកកម្ពស់សុខុដុមនីយកម្មក្នុងរោងចក្រ និង សហគ្រាស សម្តេចធិបតី បានគូស​បញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាអាទិភាពលើការកសាង​សុខុដុមនីយ​កម្ម​នៅ​តាមរោងចក្រ និងសហគ្រាស ធ្វើយ៉ាងណាធានាឱ្យបានបរិយាកាសការងារដ៏ល្អ​សម្រាប់​កម្មករ ​និយោជិត និងនិយោជក ក៏ដូចជាការពង្រឹងលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ​ឡើង​ជូនបងប្អូនកម្មករ និយោជិតគ្រប់រូប។ រាជរដ្ឋាភិបាល ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ​ដាក់ចេញវិធានការដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពនៅ​ពេលមាន​វិវាទការងារកើតឡើង តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ​របស់រាជរដ្ឋាភិបាល៕