(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ប៊ែលធីគ្រុបទាំងអស់ បានប្រារព្ធ​ពិធីសូត្រមន្ត បើកឲ្យដំណើរការ​សាលា​ប៊ែលធីអន្តរជាតិទី១៦ (សាខាផ្លូវកោងវេងស្រេង) ដែលស្ថិតនៅ​អគារលេខ៧៧A ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោម​អធិបតី​ភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រី។

អគារប៊ែលធីទី១៦នេះ មានកម្ពស់​ ៥ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណតរថយន្ត-ម៉ូតូ និងមាន ៨២បន្ទប់ ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ។ សាលាប៊ែលធីអន្តរជាតិទី១៦នេះ ក៏មានកម្មវិធីសិក្សាធំៗចំនួន ០៥ ដូចសាខាដទៃទៀតផងដែរ ដូចជា៖
១. ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២)​​
២. ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត)
៣.​ វគ្គបណ្តុះបណ្តាលជំនាញឯកទេស ​​
៤. វគ្គបណ្តុះ​បណ្តាល​កុំព្យូទ័រ
៥. ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL​ &​ IELTS)

សាលាប៊ែលធីអន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗចំនួន០៧ លើកម្មវិធីដែលមានស្រាប់សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ​ រួមមាន៖
១. កម្មវិធីបង្កើនចំណេះដឹងទូទៅ
២. កម្មវិធីពង្រឹងស្មារតី​​
៣. កម្មវិធីទស្សនកិច្ចសិក្សា​​
​​៤.កម្មវិធីសិក្សាតាមទូរទស្សន៍
៥.កម្មវិធីប្រឡងសំណេរ
៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
៧. កម្មវិធីប្រកួតប្រជែងទេពកោសល្យ

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក លី ឆេង ក៏បានសម្តែងការកោតសរសើរ និងការអបអរសាទរ ​ចំពោះសិស្សសាលាប៊ែលធី អន្តរជាតិទាំងអស់សរុបចំនួន ១,១៥៤នាក់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៥-២០១៦ និងបានប្រឡងជាប់ចំនួន ៩៦៤នាក់ ស្មើនឹង ៨៣.៥៣% ដោយអ្នកប្រឡងជាប់ និទ្ទេស A មានចំនួន ២០នាក់ ជាពិសេស លោកអគ្គនាយកបានកោតសរសើរចំពោះ សិស្សឈ្មោះ កាំង ស៊ីញលី សិស្សសាលាប៊ែលធីអន្តរជាតិទី៥ ដែលទទួលបាន និទ្ទេស A លេខ១ ក្នុងចំណោមសិស្សនិទ្ទេស A សរុបចំនួន ៤០៥នាក់ ដែលមានលំដាប់ពិន្ទុ ១០០.០០% ខ្ពស់ជាងគេទូទាំងប្រទេសផងដែរ។

លោកសាកលវិទ្យាធិការក៏បានថ្លែងអំណរ​គុណចំពោះ មាតាបិតា អាណាព្យាបាល និស្សិត និងសិស្សានុសិស្ស​ ទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់មកលើសាលាប៊ែលធីអន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានីមួយៗ ដែលធ្វើអោយសិស្សានុសិស្សសាលាប៊ែលធីអន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។

ជាទីបញ្ចប់​ លោក លី ឆេង បានប្រកាសបើកឲ្យដំណើរការជាផ្លូវការនូវ សាលាប៊ែលធីអន្តរជាតិ​ទី១៦ (សាខាផ្លូវកោងវេងស្រេង) ចាប់ពីថ្ងៃនេះតទៅ៕