(សេអ៊ូល)៖ សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនយន្តហោះ ទម្លាក់គ្រាប់បែក B-1B ដ៏មានអានុភាព ទៅកាន់ឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើង បានធ្វើការបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរ ជាលើកទី៥ របស់ខ្លួននាពេលថ្មីៗ កន្លងទៅនេះ។ នេះបើការផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន យុនហ៉ាប់ របស់កូរ៉េខាងត្បូង នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។
មន្រ្តីនៃកងកម្លាំងយោធា អាមេរិក-កូរ៉េខាងត្បូង បានឲ្យដឹងថាសហរដ្ឋអាមេរិក បានរៀបចំនឹងបញ្ជូន យន្តហោះទម្លាក់គ្រាប់បែកធុន B-1B ចំនួន ០២គ្រឿង ទៅកាន់ឧបទ្វីបកូរ៉េ នៅថ្ងៃចន្ទនេះ ដើម្បីធ្វើជា ការបង្ហាញពីកម្លាំងយោធារបស់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បានបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរដ៏មាន កម្លាំងខ្លាំងក្លា ជាលើកទី០៥។
គួរបញ្ជាក់ថា B-1B គ្រោងនឹងបញ្ជូនមកកូរ៉េខាងត្បូង ពីកោះហ្គាំ ទីបញ្ជាការយោធាអាមេរិកកណ្តាល មហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃចន្ទនេះ ប៉ុន្តែគំរោងនេះបានផ្អាកទៅវិញជាបណ្តោះអាសន្ន ដោយសារតែបញ្ហាអាកាសធាតុ ហើយវានឹងអាចបញ្ជូន មកវិញនៅរយៈពេល ២៤ម៉ោងក្រោយ៕