(កំពង់ស្ពឺ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីភាពជោគជ័យក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅជំហានទី១ ដែលមានសិស្សចុះឈ្មោះប្រមាណ៣ម៉ឺននាក់ និងអ្នកដែលកំពុងសិក្សាមានប្រមាណជាង២ម៉ឺននាក់ ខណៈក្រសួងក៏បានត្រៀមអនុវត្តជំហានទី២ដែលគ្រោងទទួលសិស្ស៣ម៉ឺននាក់ ឬលើស៣ម៉ឺននាក់ទៀត ព្រមទាំងបន្ថែមនូវជំនាញវិជ្ជាជីវៈមួយចំនួនទៀតផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ។

កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យនៅជំហានទី១ បានចាប់ផ្ដើមអនុវត្តតាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មកដល់ពេលនេះគឺមានរយៈពេល៤ខែមកហើយ។ បន្ទាប់ពីរៀនទ្រឹស្ដីបានរយៈពេល៤ខែ សិក្ខាកាមនឹងត្រូវចុះអនុវត្តផ្ទាល់នៅតាមរោងចក្រ សហគ្រាស យានដ្ឋាន ឬមូលដ្ឋានអាជីវកម្មផ្សេងៗដែលត្រូវនឹងជំនាញរបស់ពួកគេ។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន១០ស្ថាប័ន ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោក កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅជំហានទី១នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ ឃើញថាបាននិងកំពុងទទួលបានជោគជ័យ ក្នុងនោះមានសិស្សចុះឈ្មោះប្រមាណ៣ម៉ឺននាក់ និងអ្នកដែលកំពុងសិក្សាមានប្រមាណជាង២ម៉ឺននាក់ ខណៈជិត១ម៉ឺននាក់ទៀតនោះក៏នឹងត្រៀមចូលរៀនបន្តៗទៀតដែរ។

លោកបានបន្តថា ចំពោះសិស្សដែលបានទទួលការបណ្ដុះបណ្ដាលជិត២ម៉ឺននាក់ដំបូងនោះ ភាគច្រើនបានបញ្ចប់ផ្នែកទ្រឹស្ដីនៅសាលាហើយ ហើយពួកគេក៏បាននិងកំពុងចុះកម្មសិក្សា ឬចុះអនុវត្តផ្ទាល់នៅតាមរោងចក្រ សហគ្រាស យានដ្ឋាន មូលដ្ឋានអាជីវកម្មនានាជាដើម ក្រោមការសម្របសម្រួលរវាងសាលាបណ្ដុះបណ្ដាល និងម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងនោះ។

លោក កត្តា អ៊ន បានបន្តទៀតថា បន្ទាប់ពីជោគជ័យនៅជំហានទី១ ក្រសួងក៏បានត្រៀមអនុវត្តជំហានទី២ដែលគ្រោងទទួលសិស្ស៣ម៉ឺននាក់ ឬលើស៣ម៉ឺននាក់ទៀត ព្រមទាំងបន្ថែមនូវជំនាញវិជ្ជាជីវៈមួយចំនួនទៀតផងដែរ ដែលសុទ្ធតែមានគ្រូបណ្ដុះបណ្ដាល សម្ភារបង្រៀន និងមានតម្រូវការទីផ្សារការងារខ្ពស់។

លោកបានថ្លែងយ៉ាងដូច្នេះថា «បន្ទាប់ពីជំហានទី១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសការចុះឈ្មោះជំហានទី២ ដែលជំហានទី២នេះយើងនឹងខិតខំធ្វើឱ្យកាន់តែល្អជាងជំហានទី១ទៀត បានន័យថា ធ្វើឱ្យផុសផុលជាងលើកមុន»

លើសពីនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសហការជាមួយបណ្ដាសារព័ត៌មាននានាឱ្យជួយផ្សព្វផ្សាយពីការប្រកាសទទួលពាក្យចូលរៀន ការចុះឈ្មោះចូលរៀន ក៏ដូចជាសេចក្ដីជូនដំណឹងផ្សេងៗ ដើម្បីឱ្យយុវជនទទួលបានព័ត៌មាន និងមកចុះឈ្មោះទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅជំហានទី២ឱ្យបានកាន់តែច្រើន។

លោក កត្តា អ៊ន បានបញ្ជាក់ថា «សិស្សអាចទំនាក់ទំនងជាមួយអាជ្ញាធរដែនដីរបស់ពួកគេ មានរដ្ឋបាលឃុំ-សង្កាត់ជាដើម ឬក៏អាចទំនាក់ទំនងមកក្រសួងការងារតាមរយៈលេខទូរសព្ទ 1297 ឬ 1286 ដើម្បីសួរព័ត៌មានបន្ថែម ឬក៏អាចធ្វើដំណើរទៅដល់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈណាមួយតែម្ដងក៏បាន»

អ្នកនាំពាក្យក្រសួងការងាររូបនេះក៏បានអំពាវនាវដល់អាជ្ញាធរសូមរួមគ្នាជួយសម្របសម្រួលដល់យុវជននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឱ្យយុវជនបានមកដាក់ពាក្យចុះឈ្មោះចូលរៀននៅតាមសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈណាមួយ សំដៅចូលរួមសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខណ្ឌកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់នេះ៕