(ភ្នំពេញ)៖ ដើម្បីត្រៀមរៀបចំពិធីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មានលើកទី៩ ឆ្នាំ២០២៤ ដែលនឹងដំណើរនៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះឲ្យប្រព្រឹត្តទៅដោយរលូន លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំតាមបណ្តាអគ្គនាយកដ្ឋានទាំង៥ចំណុះឲ្យក្រសួងព័ត៌មាន បានអញ្ជើញរៀបចំពិធីក្រុងពាលី ដើម្បីប្រារព្ធពិធីបើកមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មានលើកទី៩ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារលើកទី៩ ឆ្នាំ២០២៤នេះឡើង ដើម្បីជួយជំរុញឲ្យកុមារា-កុមារី មានភាពក្លាហានក្នុងការទទួលយកការអប់រំតាមរយៈសិល្បៈ ចម្រៀងដើម្បីបណ្តុះផ្នត់គំនិតកុមារឲ្យមានសេចក្តីក្លាហាន ទទួលយកនូវសិទ្ធិទាំង៤ គឺសិទ្ធិរស់រាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការការពារ និងសិទ្ធិនៅក្នុងការចូលរួម ជាពិសេសដើម្បីចូលរួមអបអរសាទរខួបលើកទី៧៥ នៃទិវាអន្តរជាតិ ១មិថុនា ខួបលើកទី២៣ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤។ បទចម្រៀងថ្មីៗបង្កប់ដោយ អត្ថន័យខ្លឹមសារអប់រំជាច្រើនបទតាមរយៈនៃការចូលរួមតាក់តែងនិពន្ធរបស់ប្អូនៗកុមារា-កុមារី លោកគ្រូ-អ្នកគ្រូ មាតា-បិតាសិស្ស នឹងត្រូវផុសចេញពីសម្លេងរបស់ប្អូនៗកុមារនៅលើឆាកកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៤នេះ។

លក្ខខ័ណ្ឌនៃការចូលរួមប្រឡង៖ សិស្សានុសិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ កំពុងសិក្សានៅសាលាបឋមសិក្សា តាម បណ្តាសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍ នានា ក្នុងរាជធានី ខេត្ត ក្រុង។ បទចម្រៀងដែលត្រូវចូលរួមប្រឡងតម្រូវឱ្យធ្វើការតាក់តែងនិពន្ធនូវទំនុកច្រៀង និងបទភ្លេងថ្មីចំនួន២បទ ដោយអត្ថន័យក្នុងបទចម្រៀងត្រូវផ្តោតលើការអប់រំជាចម្បង រួមមានដូចជា៖ ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រឡាញ់ការសិក្សា ស្រឡាញ់ បរិស្ថាន ការគោរពច្បាប់ចរាចរណ៍ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដើម ជាពិសេសបទចម្រៀង ត្រូវតែតាក់តែងឱ្យស្របតាមវ័យរបស់កុមារ។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា មហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ ២០២៤ គឺជាកម្មវិធីលើកកម្ពស់ស្មារតីកុមារក្នុងការកម្សាន្តបែបអប់រំ គុណធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូ ស្រឡាញ់បរិស្ថាន អនាម័យ និងផាសុខភាព។ ទន្ទឹមនេះក៏ជាការបើកឱកាសអោយកុមារា កុមារី គ្រប់រូបដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជាអាចបង្ហាញនូវសមត្ថភាព ក្នុងការចូលរួមជាមួយសង្គមជាតិ ហើយជាការបណ្តុះគំនិតស្មារតីស្រឡាញ់នូវវប្បធម៍ ប្រពៃណីទំនៀមទម្លាប់។

លោក នេត្រ ភក្ត្រា បានបន្ថែមថា មហោស្រពតន្ត្រី និងចម្រៀងកុមារ នេះគឺជាស្នាដៃបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់មុនពិសេសក៏សូមថ្លែងអំណរគុណចំពោះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ហើយលោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានដឹកនាំរៀបចំកម្មវិធីនេះឡើង ដើម្បីរក្សាកេរ្តី៍ដំណែល របស់ថ្នាក់ដឹកនាំចាស់ដែលបានបង្កើតឡើងដើម្បីផ្តល់ជាផលប្រយោជន៍សំខាន់សម្រាប់កុមារ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ២០២៤ នេះរួមមាន៖ លោកអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ​ ចំណាន, លោកអ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ, លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ, អ្នកឧកញ៉ា សុខ ចំរើននិងលោកជំទាវ, អ្នកឧកញ៉ា សៀ ឬទ្ធី, ក្រុមហ៊ុនមិត្តហ្វូន និងសប្បុរសជនផ្សេងទៀត៕