(ភ្នំពេញ)៖ លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានឆ្លើយតបមតិរិះគន់លើសេវាកម្ម របស់ព្រលានយន្ដហោះកម្ពុជា ដោយលោកបានលើកឡើងថា ជាទូទៅអកាសយានដ្ឋានមួយៗ មានសូចនាករសម្រាប់ការវាស់វែង ជាការពិតអ្នកណាក៏ចង់បានអ្វីៗឲ្យល្អប្រសើរ និងលេចមុខលេចមាត់ ប៉ុន្ដែទោះជាចង់ជួប ឬមិនចង់ជួបក៏ជៀសមិនផុត អំពីការរិះគន់ និងកែតម្រូវបន្ថែមប៉ុណ្ណោះ ប្រសិនបើមានចំណុចខ្វះខាត។

ការឆ្លើយតបរបស់លោក ស៊ីន ចាន់សេរីវុត្ថា លើកឡើងបែបនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «ឥទ្ធិពលនៃវិស័យអាកាសចរណ៍ លើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ​របស់បណ្តាញព័ត៌មាន Fresh News។

លោកបានឲ្យដឹងថា «ជាការពិតទោះចង់ជួប ឬមិនចង់ជួបក៏យើងជៀសមិនផុតនោះដែរអំពីការរិះគន់ នេះប្រៀបដូចជាសម្លមួយឆ្នាំ​ដែលមានអ្នកទទួលទានច្រើនអ្នក ដែលទទួលទាននឹងមានរសជាតិខុសៗគ្នា ជាទូទៅអកាសយានដ្ឋានមួយៗមានសូចនាករ សម្រាប់ការវាសវែង ជាការពិតអ្នកណាក៏ចង់បានអ្វីៗឲ្យល្អប្រសើរ និងលេចមុខលេចមាត់»

លោកបានបន្ថែមថា អាកាសយានដ្ឋានអន្ដរជាតិនៅកម្ពុជា យើងធ្លាប់វាស់វែងមុនពេលជំងឺកូវីដ១៩ឃើញថា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ (Top 10) នេះជាការវាយតម្លៃរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្ដរជាតិ (ACI) បានវាយតម្លៃថា អាកាសយានដ្ឋាននៅកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងអាស៊ីប៉ាស៊ីហ្វិច ហើយចំពោះការវាយតម្លៃនេះ គឺអនុវត្តន៍លើគោលនយោបាយបរិស្ថាន, និងកំណើនផ្នែកដឹកជញ្ជូនផ្លូវអាកាស។

លោកបានបន្ដថា ដើម្បីឲ្យវិស័យអាកាសចរដំណើរការកាន់តែល្អប្រសើរ អាកាសយានដ្ឋានអន្ដរជាតិ បានសហការយ៉ាងស្អិតរមួតជាមួយ នឹងបណ្ដាក្រុមហ៊ុនជាច្រើនផ្សេងៗទៀត ដើម្បីធានាឲ្យបាននូវអនុលោមបទបញ្ញត្តិ ទាក់ទងនឹងសន្ដិសុខសុវត្ថិភាពអ្នកដំណើរ និងការផ្ដល់សេវាកម្មដល់អ្នកដំណើរ។

លោកបានបញ្ជាក់ថា តាមអាកាសយានដ្ឋាននីមួយៗ តែងតែមានគណៈកម្មការមាត់ច្រក ជាយន្ដការអន្ដរក្រសួង ដែលមានស្ថាប័នសមត្ថកិច្ចច្រើន ហើយរដ្ឋលេខាដ្ឋានអាកាសចរស៊ីវិលជាប្រធាន ដូច្នេះប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង ដែលមិនសប្បាយចិត្ត ឬមិនប្រក្រតី នោះគណកម្មការនេះដោះស្រាយភ្លាមៗ។ មួយទៀត គឺមានយន្ដការមួយដែលមានប្រអប់ ដាក់សំណមពរ ឬការត្អូញត្អែរ ពីអ្នកដំណើរនោះយើង នឹងដកសំណូមពរនេះមកមើល និងធ្វើការកែតម្រូវ៕