(ភ្នំពេញ)៖ ថ្លែងក្នុងជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាព លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់នាយកដ្ឋានមន្ទីរពេទ្យ ត្រូវបន្ដយកចិត្ដទុកដាក់បន្ថែមក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និងក្រមសីលធម៌សុខាភិបាលទាំងវិស័យសាធារណៈ និងឯកជន។ ជំនួបនេះបានធ្វើឡើងនៅនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងជំនួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាន ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ ព្រមទាំងផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់នាយកដ្ឋានយកមកអនុវត្ត ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ក្នុងនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យនាយកដ្ឋានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពិនិត្យ និងអនុវត្តលើកិច្ចការងារថែទាំ ព្យាបាល និយ័តកម្ម និងក្រមសីលធម៌សុខាភិបាល ទាំងនៅវិស័យសុខាភិបាលសាធារណៈ និងឯកជន ព្រមទាំងយកចិត្តទុកដាក់លើការចេញវេជ្ជបញ្ជា និងការផ្តល់ឱសថសារវន្តនៅតាមស្ថាប័នសុខាភិបាលសាធារណៈ និងឯកជន។

ទន្ទឹមនឹងនោះ នាយកដ្ឋានត្រូវពិនិត្យបន្ថែមលើការផ្តល់អជ្ញាប័ណ្ណ បន្តសុពលភាពអជ្ញាប័ណ្ណ ដោយត្រូវត្រួតពិនិត្យ និងការធ្វើអភិបាលកិច្ច ទាំងការងារគ្រប់គ្រង កិច្ចការបច្ចេកទេស ការប្រើប្រាស់ឱសថ សម្ភារៈបរិក្ខារពេទ្យ និងធនធានមនុស្សជំនាញសុខាភិបាលធានាបាននូវគុណភាព ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនីតិវិធីស្តង់ដាដែលបានកំណត់៕