(សៀមរាប)៖ ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព កម្លាំងនគរបាលខេត្តសៀមរាប នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានចេញចាប់បានជនសង្ស័យ២នាក់ ក្រោយជិះម៉ូតូដេញកាប់ជនរងគ្រោះដើម្បីប្លន់យកម៉ូតូ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមការបញ្ជាក់ពីកម្លាំងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១៖៣០នាទី នៅចំណុចស្ពានលេខ១០ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ។

បន្ទាប់ពីទទួលព័ត៌មាន ក៏ដូចជាបទបញ្ជាលោកឧត្តមសេនីយ៍ទោស្នងការ ចំពោះករណីខាងលើភ្លាមកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹងនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះសហការជាមួយកម្លាំងអធិការដ្ឋានក្រុង ស្រុកធ្វើការដេញប្រផាប់ចាប់ប្រភីង រហូតស្រាវជ្រាវ រកឃើញម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គប់ពី សេ១២៥ ពណ៌ស ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤ របស់ជនរងគ្រោះ ដែលជនសង្ស័យយកទៅផ្លុងទុកចោលនៅចំណុចស្រុកពួក។

រហូតដល់នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បន្តធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់យកមកធ្វើការសាកសួរ ទី១មានឈ្មោះ លឿន ឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងឈ្មោះ ឆៃ ស៊ីណាលិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប។ ពួកខ្លួនទាំង០២នាក់ និងបក្សពួក ពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន។

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង មានកិច្ចសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃខេត្តទាំងពីរ បន្តការស្រាវជ្រាវករណីខាង ចុះដកហូតម៉ូតូចំនួន០១គ្រឿង ដែលសង្ស័យលួចបាន ហើយយកទៅបញ្ជាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងប្រតិបត្តិការនេះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១ (របស់ជនរងគ្រោះ )
ម៉ូតូម៉ាកហុងដាស្គប់ពី សេ១២៥ ពណ៌ស ឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប១AP-២៥៤៤(របស់ជនរងគ្រោះ ) ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប ១AP-០០៤០ ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕