(ភ្នំពេញ)៖ ក្រុមការងារបច្ចេកទេសប្រាក់ឈ្នួល អប្បបរមាទ្វេភាគី ដែលមានភាគីរាជរដ្ឋាភិបាល និងភាគីនិយោជក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកកិច្ចពិភាក្សាអំពីប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករ និយោជិតផ្នែកវាយនភ័ណ កាត់ដេរ និងផលិតស្បែកជើង នៅកម្ពុជា សម្រាប់ឆ្នាំ២០១៧ ជាលក្ខណៈសម្ងាត់ នាទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងជាអ្នកសម្របសម្រួលក្នុងកិច្ចប្រជុំក្រុមបច្ចេកទេសត្រីភាគី បានឱ្យដឹងថា ភាគីរាជរដ្ឋាភិបាល នឹងជួបពិភាក្សាផ្លូវការលក្ខណៈទ្វេភាគី ជាមួយភាគីនិយោជក នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ ហើយអំឡុងថ្ងៃទី១២ ទៅដល់ថ្ងៃទី២៣ ខែកញ្ញា ភាគីសហជីព និងភាគីនិយោជក នឹងជួបពិភាក្សាគ្នាលក្ខណៈទ្វេភាគី ក្នុងក្រសួងការងារជាបន្តបន្ទាប់ទៀត។

លោក ហេង សួរ បានបន្តថា ក្រសួងការងារបានសម្រេចផ្ដល់ជូនភាគីសហជីព និងភាគីនិយោជក នូវមធ្យោបាយមួយចំនួនដើម្បីឱ្យ ភាគីទាំងអស់អាចធ្វើការងារបាន ដូចជាបន្ទប់ចំនួន២, សម្ភារៈការិយាល័យមួយចំនួន ដូចជាកុំព្យួទ័រ ព្រីធ័រ និងភេសជ្ជៈជាដើម។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ក្រុមការងារបច្ចេកទេសត្រីភាគី នឹងបើកពិភាក្សាជាលក្ខណៈត្រីភាគីបន្តទៀត ដើម្បីពិភាក្សាលម្អិតលើប្រាក់ឈ្នួលអប្បរមានៅកម្ពុជា សម្រាប់ឆ្នាំ២០១៧៕