(ភ្នំពេញ)៖ តាមរយៈគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត BUILD+3Ds ក្រសួងទេសចរណ៍បានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការចាប់យកឱកាស និងផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។

ការលើកឡើងនេះធ្វើឡើងក្នុង​ឱកាសលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើសមាហរណកម្មគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត បង្កើន៥ អភិវឌ្ឍ៣ "BUILD + 3Ds" ទៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ក្រសួងទេសចរណ៍។

បន្ថែមលើនោះ ក្រសួងទេសចរណ៍នឹងផ្តោតសំខាន់ទៅលើផែនការសកម្មភាពរយៈពេល៣ឆ្នាំខាងមុខ (២០២៥-២០២៧) ជាពិសេសលើផែនការសកម្មភាពសំខាន់ៗ គោលបំណង សូចនាករ និងគោលការណ៍ណែនាំនៃយុទ្ធសាស្រ្តបង្កើន៥ អភិវឌ្ឍ៣ (BUILD+3Ds)។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់នូវភាពចាំបាច់ក្នុងការរួមបញ្ចូលគម្រោងសំខាន់ៗទៅក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ BUILD+3Ds នីមួយៗ ដើម្បីទ្រទ្រង់និរន្តរភាពកំណើនទេសចរណ៍រយៈពេលវែងរបស់កម្ពុជា។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរទៅលើការបន្តកំណែទម្រង់ទម្រង់រចនាសម្ព័ន្ធស្ថាប័ន ការពង្រឹងសមត្ថភាព និងការអនុវត្តការងាររបស់នាយកដ្ឋានជំនាញ និងធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព ស្របនឹងការវិវត្តនៃវិស័យទេសចរណ៍។

លើសពីនេះ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើការបែងចែកថវិកា ដើម្បីធានាបាននូវសង្គតិភាពសម្រាប់ការអនុវត្តក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត BUILD+3Ds នេះ។

កិច្ចការសំខាន់ៗទាំងនេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតឡើង ដូចជា ចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ការកើនឡើងនៃនិន្នាការឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យទេសចរណ៍។ គំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រទាំងនេះ មានគោលបំណងធានាបានថា ក្រសួងទេសចរណ៍បានត្រៀមលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការចាប់យកឱកាស និងផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍៕