(ភ្នំពេញ)៖ ក្រុមចោរវាយប្លន់យកម៉ូតូចំនួន ២នាក់ ដែលបានធ្វើសកម្មភាព នៅទឹកដីសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក តាមបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់ ចំនួន ២នាក់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ព្រមទាំងដកហូតម៉ូតូចំនួន ២គ្រឿងផងដែរ។
មន្រ្តីនគបាលខណ្ឌទួលគោក បានបញ្ជាក់នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះថា ជនសង្ស័យទាំង២នាក់ បានវាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋ នៅវេលាម៉ោងទាបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បន្ទាប់មកបានយកម៉ូតូទៅប្លង់ចោល នៅតាមផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ពេលនោះកម្លាំងនគរបាល ខណ្ឌទួលគោក ក្រោមបញ្ជាផ្ទាល់ពី លោកអធិការខណ្ឌ ហ៊ុន សុធី កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន បានបើកការស្រាវជ្រាវ រហូតតាមចាប់ខ្លួន ជនសង្ស័យទាំង២នាក់ និងដកហូតម៉ូតូទាំង ២គ្រឿងផងដែរ។
មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យទាំង ០២នាក់៖
១- ឈ្មោះរស់ ច័ន្ទសុភ័ក្ត្រដារ៉ា អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងទី២-ឈ្មោះទ្រី មួយអុី ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវលេខ៤ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ សម្រាប់ម៉ូតូចំនួន០២គ្រឿង មួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅសេរីឆ្នាំ ២០១៤ និង ០១គ្រឿងទៀត ម៉ាកឆាលីកែទៅជាម៉ាក MSX ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1CQ-2283។
ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ទៅឲ្យនគរបាលប៉ុស្តិទួលសង្កែ ដើម្បីយកទៅចាត់ការតាមនីតិវិធីបន្តទៀត៕