(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតយុវជនជម្រើសជាតិ អាយុក្រោម ១៩ឆ្នាំកម្ពុជា (U-19) ធ្លាប់រងបរាជ័យដោយលទ្ធផល បច្ចេកទេស ៣-០ ក្រោមថ្វីជើងរបស់ U-19 អូស្រ្តាលី កាលពីឆ្នាំ២០០៩ ដែលនឹងត្រូវជួបគ្នាជាថ្មីទៀតម៉ោង ៧យប់នេះ នៅទឹកដីនៃប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U-19 Championships 2016។
១ប្រកួតបើកឆាកសន្សំពិន្ទុ ប្រចាំពូលពូល B នឹងធ្វើឡើងនៅពហុកីឡដ្ឋាន Vietnam Youth Training Centre ស្ថិតក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងចំណោម ៤ក្រុម ផ្សេងទៀតដែលស្ថិតក្នុងពូល B នេះដូចគ្នារួមមាន ឡាវ ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី និងពូល A វិញមានក្រុមទីម័រខាងកើត សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះវៀតណាម។
យ៉ាងណាមិញលោក Ohara Kazunori ជនជាតិជប៉ុន ដែលជាគ្រូបង្វឹកក្រុមយុវជនកម្ពុជា បានលើកឡើងថា U-19 កម្ពុជាមិនបានខ្លាចញញើត ជំនួបនេះឡើយ ព្រោះលោក ជឿជាក់លើកូនក្រុម របស់ខ្លួន ដែលទើបឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់រយៈពេលជាង ១ខែ។ តែមុនចេញដំណើរទៅ វៀតណាមកាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុននេះ លោកក៏បាន តឿនកូនក្រុមខ្លួនឲ្យបង្កើនការរត់ ដើម្បីប្រជែងយក ៣ពិន្ទុ ជាមួយក្រុម U-19 អូស្រ្ដាលីនេះផងដែរ។
សូមបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-19 Championships ឆ្នាំ២០១៦ លើកទី១៣ ដែលមានប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះនេះ គឺយកតែ ២ក្រុមដែលមានពិន្ទុខ្ពស់ជាងគេប្រចាំពូល A និងពូល B ដើម្បីឡើងទៅប្រកួតខ្វែងពូលគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ៤ក្រុមចុងក្រោយ) តែប៉ុណ្ណោះ ដែលធ្វើ ឡើងចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦៕