(ភ្នំពេញ)៖ លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគាំទ្រដល់សកម្មភាពរបស់លោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យ ក្នុងការបង្កើតនូវគម្រោងកម្មវិធីជិះកង់ ដើម្បីសប្បុរសធម៌សម្រាប់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ ដែលគ្រោងនឹងចេញដំណើរពីខែមិថុនា ឆ្នាំ២០២៤ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដោយឆ្លងកាត់បណ្ដាប្រទេសនានាក្នុងទី្វបអាស៊ី រហូតដល់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប។

ការគាំទ្ររបស់លោករដ្ឋមន្រ្ដីបានក្នុងឱកាសអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកបង្កើតមាតិកា និងជាអ្នកផ្សងព្រេងឯករាជ្យ ក្នុងការបង្កើតនូវគម្រោងកម្មវិធីជិះកង់ ដើម្បីសប្បុរសធម៌សម្រាប់រៃអង្គាសថវិកាជួយដល់កុមារកម្ពុជា នៅមន្ទីរពេទ្យកុមារអង្គរ និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ សុំការគាំទ្រគម្រោងកម្មវិធីជិះកង់សប្បុរសធម៌ “Travel with Rith - Travel the World by Bicycle” ក្នុងប្រទេសចំនួន ២៥ប្រទេស ពីទ្វីបអាស៊ីទៅទ្វីបអឺរ៉ុប ដើម្បីលើកកម្ពស់ការយល់ដឹង និងរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យ ក្នុងឱកាសអបអរសាទរខួប ២៥ឆ្នាំ នៃមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

លោក នេត្រ ភក្រ្ដា បានគាំទ្រនូវសកម្មភាពសប្បុរសធម៌ក្នុងកម្មវិធីជិះកង់សប្បុរសធម៌នេះ ហើយក្រសួងព័ត៌មានដែលមានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ នឹងជួយផ្សព្វផ្សាយបន្ដនូវសកម្មភាពរបស់លោក ទីវ តារារិទ្ធិ ក្នុងពេលធ្វើដំណើរជិះកង់ដើម្បីរៃអង្គាសថវិកានៅតាមប្រទេសណាមួយ ឬទៅដល់ទីតាំង កន្លែងណាមួយ ដើម្បីបង្ហាញនូវសកម្មភាព រូបភាព វីដេអូ ឯកសារទាំងនោះ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការគាំទ្រនេះ ផ្ដោតលើពីរចំណុចសំខាន់ ដោយចំណុចទី១៖ គឺជាការលើកទឹកចិត្ដដល់យុវជនក្នុងការធ្វើសកម្មភាពមនុស្សធម៌ដែលជាការចូលរួមលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ដក្នុងការជួយដល់កុមារកម្ពុជា។ ចំណុចទី២៖ គឺបង្ហាញពីយុវជនខ្មែរម្នាក់ដើរនៅតាមបណ្ដាប្រទេសចាប់តាំងពីទ្វីបអាស៊ី រហូតដល់ទ្វីបអឺរ៉ុបដោយយកទង់ជាតិរបស់កម្ពុជា ដើម្បីបង្ហាញឱ្យគេស្គាល់ប្រទេសរបស់យើង ដែលសម្មភាពនេះក៏ជាមោទនភាពសម្រាប់ជាតិខ្មែរយើងដែរ។

រដ្ឋមន្រ្ដីបានអះអាងថា៖ «នេះគឺជាភ្ជាប់ជាមួយនឹងវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ជាមួយនឹងកេរ្ដិ៍របស់កម្ពុជាយើងដែលជាសកម្មភាពនៃមនុស្សធម៌ក្នុងការជួយទៅដល់កុមារ។ សកម្មភាពនេះក៏ជាការផ្សព្វ​ផ្សាយ​នូវមេត្ដាធម៌ គុណធម៌របស់ប្រជាជនកម្ពុជាទៅដល់ប្រជាជនដទៃទៀតនៅលើពិភពលោក។ នេះគឺជាចំណុច​មួយដែលយើងចាំបាច់ត្រូវគាំទ្រ»។

លោក នេត្រ ភក្រ្ដា ក៏បានលើកទឹកចិត្ដ និងណែនាំឱ្យលោក ទីវ តារារិទ្ធិ សូមថែរក្សាសុខភាពឱ្យបានល្អ ក្នុងខណៈពេលដែលការធ្វើដំណើរជិះកង់ឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ដើម្បីរៃអង្គាសថវិកាយកមកជួយដល់កុមារកម្ពុជា និង​​ទទួលបានជោគជ័យក្នុងកិច្ចការងារនេះ។

លោក ទីវ តារារិទ្ធិ បានឱ្យដឹងថា ការបង្កើតគម្រោង​កម្មវិធីជិះកង់សប្បុរសធម៌នេះ បន្ទាប់ពីលោកបញ្ចប់បេសកកម្មការជិះកង់នៅតាមតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣កន្លងទៅ ដែលលោកនៅតែមានគោលបំណងបន្តដំណើរការជិះកង់បន្តទៀត ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យផង។

លោកបានបញ្ជាក់ពីគម្រោងការជិះកង់នេះ ដែលគ្រោងនឹងធ្វើឡើងនាដើមខែមិថុនា ឆ្នាំ២០២៤ ហើយគ្រោងនឹងចេញដំណើរពីខេត្តសៀមរាប ឆ្ពោះទៅបណ្តាប្រទេសនានា ក្នុងអាស៊ី ដូចជា៖ ឡាវ ថៃ ឆ្ពោះទៅប្រទេសបង់ក្លាដែស ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ និងឆ្ពោះទៅទ្វីបអឺរ៉ុប ដូចជាប្រទេសទួកគីជាដើម ដោយដំណើរការជិះកង់នេះត្រូវចំណាយពេល១ឆ្នាំពេញ នៅលើដងផ្លូវនៃបណ្តាផ្លូវនានានៃ២៥ប្រទេស។

លោកបានបន្ថែមថា៖ «គោលបំណងនៃការជិះកង់នៅប្រទេសចំនួន២៥ប្រទេសនេះ គឺចង់បាន ២៥ម៉ឺនដុល្លារ ដើម្បីប្រគល់ជូនដល់មន្ទីរពេទ្យ ដែលកំពុងបំពេញបេសកកម្មជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា ជាពិសេសគឺការវះកាត់កុមារដែលកើតជំងឺមហារីក ដោយឥតគិតថ្លៃ»។

លោក ទីវ តារារិទ្ធិ បង្ហាញនូវក្ដីសង្ឃឹមថា គម្រោងកម្មវិធីនេះដោយសារតែយើងទើបនឹងបញ្ចប់បេសកកម្មជិះកង់នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣កន្លងទៅ គឺមានចរន្តជួយគាំទ្រយ៉ាងច្រើន មិនត្រឹមតែខ្មែរនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានខ្មែរនៅក្រៅប្រទេសដូចជា៖ នៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ីផងដែរ ហើយសូម្បីតែជនជាតិបរទេសក៏ចាប់អារម្មណ៍លើការខិតខំប្រឹងប្រែងការផលិតវីដេអូ ការថតរូបរបស់លោកផងដែរ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ដូចជាហ្វេសប៊ុក យូធូប និងអ៉ីនស្ដាក្រាម ជាដើម។

លោកបានបង្ហាញពីមូលហេតុនៃការបង្កើតកម្មវិធីជិះកង់សប្បុរសធម៌នេះឡើង ដោយបានរម្លឹកថា ចាប់តាំងពីឆ្នាំ២០១៧ លោកធ្លាប់បានធ្វើដំណើរតាមម៉ូតូ និងកង់ នៅតាមតំបន់ទេសចរ នៅក្នុងប្រទេសកម្ពុជាស្ទើរគ្រប់កន្លែង ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ ហើយលោកបានឃើញជាក់ស្តែងអំពីជីវភាពរបស់ប្រជាជន ជាពិសេសនៅតំបន់ដាច់ស្រយាលមានការខ្វះខាតច្រើនដូចជា៖ ខ្វះខាតសាលារៀន ខ្វះខាតមន្ទីរពេទ្យ ខ្វះខាតថ្នាំពេទ្យ ពិសេសសម្រាប់ក្មេងៗដែលមានការលំបាក។ ទន្ទឹមនេះលោកមានបំណងប្រាថ្នាមួយថាថ្ងៃណាមួយ លោកចង់ប្រើជំនាញការដើរផលិតវីដេអូឯកសារ និងការថតរូបភាពនេះ ដោយចង់ចូលរួមចំណែកជួយដល់អ្នកខ្វះខាត។

លោក ទីវ តារារិទ្ធិ បានលើកឡើងថា នៅក្នុងអំឡុងឆ្នាំ២០២២-២០២៣ ក៏មានមន្ទីរពេទ្យកុមារអង្គរទាក់ទងមក ស្របគ្នានឹងគោលបំណងរបស់លោកដែលចង់ធ្វើដែរ ដូច្នេះហើយលោកក៏បានចាប់យកឱកាសការងារនេះ គឺការជិះកង់នៅតាមប្រទេសអាស៊ីអាគ្នេយ៍ និងរៃអង្គាសថវិកាពីសប្បុរសជនជួយដល់មន្ទីរពេទ្យ។

លោកបានបញ្ជាក់ផងដែរថា៖ «ការជិះកង់ ធ្វើដំណើរផលិតវីដេអូ ថតរូបឯកសារនេះ ក៏បានចូលរួមចំណែកជួយដល់សង្គម និងបានរៃអង្គាសប្រាក់ជួយដល់កុមារកម្ពុជា ហើយលោកបានអំនាវដល់សប្បុរសជននានាចូលរួមគាំទ្រ និងឧបត្ថម្ភ បរិច្ចាគជាថវិកា បើទោះតិចក្ដី ច្រើនក្ដី ដើម្បីជួយដល់កុមារកម្ពុជា ដែលកំពុងមានជំងឺ ក្នុងការព្យាបាល និងវះកាត់នៅក្នុងមន្ទីរពេទ្យ»។

បើយោងតាមបទពិសោធន៍របស់លោក ទីវ តារារិទ្ធិ បានឱ្យដឹងថា ការធ្វើដំណើរជិះកង់របស់លោកក្នុងមួយថ្ងៃ បើផ្លូវល្អស្អាត ធម្មតា អាចជិះកង់បានចាប់ពី១០០ គីឡូម៉ែត្រ ទៅ១៤០គីឡូម៉ែត្រ តែបើផ្លូវឡើងភ្នំ ក្នុងមួយថ្ងៃ អាចជិះបានប្រមាណ៤០ ទៅ ៥០គីឡូម៉ែត្រ ហើយបើថ្ងៃខ្លះមានភ្លៀងធ្លាក់ ឬអាកាសធាតុមិនល្អ យើងជិះក៏មិនអាចជិះកង់ច្រើនគីឡូម៉ែត្រដែរ៕