(ភ្នំពេញ)៖ លោក អ៊ុង សួនរស្មី ហៅ ឡាច ម៉េងលី ស្នាក់នៅផ្ទះលេខ៩E0 ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងលោក ម៉ៅ ស៊ីណា ជាអតីតចៅក្រមម្នាក់នៅសាលាដំបូងរាជធានីភ្នំពញ និងបច្ចុប្បន្នជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ទៅកាន់ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយសារលោកមើលឃើញថាការកាត់ក្តីរបស់ចៅក្រម ពាក់ព័ន្ធសំណុំរឿងរបស់ខ្លួនមានភាពលម្អៀង ទៅខាងភាគីម្ខាងទៀត ដែលលោកមិនអាចទទួលយកបាន។
យោងតាមពាក្យបណ្តឹងរបស់ខ្លួនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក អ៊ុង សួនរស្មី បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឈ្មោះ ហេង ពៅ ដែលជាដើមចោទបានប្តឹងលោកទៅសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់មកដើមចោទបានដាក់ពាក្យសុំកែតម្រូវពាក្យបណ្តឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់មកលោកបានដាក់ពាក្យបណ្តឹងតបនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។
រឿងក្តីនេះត្រូវបានប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រគល់សិទ្ធិអំណាចឲ្យចៅក្រមឈ្មោះ ម៉ៅ ស៊ីណា ជាចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងលេខ ១៤៩៧ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។ នៅពេលដំណើរការរឿងក្តី ចៅក្រមរូបនេះ បានមានទំនាក់ទំនងជាមួយដើមចោទឈ្មោះ ហេង ពៅ យ៉ាងជិតស្និទ្ធិ ហើយពួកគេទាំង២នាក់ បានលេងល្បែងតុងទីនជាមួយគ្នា។
ដោយសារដឹងថាចៅក្រម និងដើមបណ្តឹងបណ្តឹងមានទំនាក់ទំនងគ្នាជិតស្និទ្ធិបែបនេះ លោកបានដាក់ពាក្យបណ្តឹងដិតចិត្ត (សុំដូរចៅក្រម) ចៅក្រមឈ្មោះ ម៉ៅ ស៊ីណា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយបានភ្ជាប់ភស្តុងតាង មួយចំនួន ប៉ុន្តែត្រូវបានសាលាដំបូងរាជធានីភ្នំពញ ច្រានចោលពាក្យបណ្តឹងលោកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកចៅក្រម ម៉ៅ ស៊ីណា ទទួលបន្ទុកសំណុំរឿងក្តីលោក បានចេញសាលក្រមលេខ ៤០៧ «ព» ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយឲ្យលោកចាញ់ក្តីដោយអយុត្តិធម៌។
លោកបានបន្តថា ដោយសារតែសាលក្រមនេះបានទាញហេតុផលដោយមិនវត្តមានលោក និងមេធាវី, លោកក៏បានដាក់ពាក្យបណ្តឹងទាស់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ទៅសាលាដំបូងរាជធានីភ្នំពេ។ ទោះបីជាមានពាក្យ បណ្តឹងទាស់ក៏ដោយ ក៏ដំណើររឿងក្តីបណ្តឹងទាស់នេះ មិនត្រូវបានដំណើរការនីតិវិធីទេ ហើយបែរជាឲ្យលោកប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមលេខ ៤០៧ «ព» ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ទៅវិញ។
បន្ទាប់មកសាលាឧទ្ធរណ៍ បានចេញសាលដីកាចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយតម្កល់ទុកសាលក្រមលេខ ៤០៧ «ព» ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញទុកជាការដដែល។ បន្ទាប់មក តុលាការកំពូលក៏បានសម្រេចតម្កល់សាលក្រមសាលាឧទ្ធរណ៍ទុកជាបានការដដែល។ ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ និងតុលាការកំពូល ដោយសារតែតុលាការទាំងពីរថ្នាក់ បានផ្អែកសាលក្រមលេខ ៤០៧ «ព» ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។
ដើមបណ្តឹងបន្តថា ចំពោះភស្តុតាងដែលលោកបានដាក់ជូនសាលាដំបូង ក្នុងពេលដែលលោកបានប្តឹងដិតចិត្ត, សាលាដំបូងមិនបានយកចិត្តទុកដាក់ពិនិត្យលើភស្តុតាងដែលបញ្ជាក់ថា ចៅក្រមរូបនេះ មានការពាក់ព័ន្ធទៅនឹង ការលេងតុងទីនជាមួយគ្នា ដែលបង្កើតឲ្យមានភាពជិតស្និទ្ធិជាមួយគ្នា។
ដោយសារតែជួបរឿងអយុត្តិធម៌យ៉ាងដូច្នេះ លោកសម្រេចចិត្តដាក់ពាក្យប្តឹងជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីសុំស្វែងរកការពិតនឹងដាក់ពិន័យ ឬទណ្ឌកម្មចំពោះបុគ្គលដែលបានប្រព្រឹត្តខុសនឹងច្បាប់ ដើម្បីឲ្យសង្គមមានជំនឿលើប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជា។
ខាងក្រោមនេះជាពាក្យបណ្តឹងរបស់លោក អ៊ុង សួនរស្មី៖