(បន្ទាយមានជ័យ)៖ លោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំបើកឱ្យប្រើប្រាស់ ព្រមទាំងមានការជួសជុលបន្ថែមនូវផ្លូវលំចំនួន២ខ្សែ ចម្ងាយ១,៤៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជូនប្រជាពលរដ្ឋដែលឆ្លងកាត់ទីនោះ។
ការបើកឱ្យប្រើប្រាស់ និងជួសជុលនេះ ក៏មានការចូលរួមពី លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រីប្រធានមន្ទីរ-អង្គភាព និងយុវជន CPP ទាំង៩ស្រុក-ក្រុង និងប្រជាពលរដ្ឋប្រមាណ៤៥០នាក់។
ផ្លូវ២ខ្សែចម្ងាយ១,៤៥០ម៉ែត្រខាងលើ មានការខូចខាតខ្លាំង នារដូវភ្លៀងធ្លាក់ម្ដងៗ ដែលត្រូវបានជួសជុល សម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរវិញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។
ក្រោយពីបញ្ចប់ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមការងារថែមទាំងបានឧបត្ថម្ភថវិកា ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងរៀបចំកម្មវិធីទទួលទានអាហារថ្ងៃត្រង់ មាននំបញ្ចុក បង្អែម និងភេសជ្ជៈ ជូនប្រជាពលរដ្ឋទាំង៤៥០នាក់ផងដែរ។
លោកតា លោកយាយ ប្រជាពលរដ្ឋទាំងអស់មានការសប្បាយរីករាយយ៉ាងខ្លាំង ព្រមទាំងថ្លែងអរគុណដល់ក្រុមការងារ CPP ដែលយកចិត្តទុកដាក់ជួយជួសជុលផ្លូវជូនពួកគាត់៕