Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមយុទ្ធយោធារវាង ចិន និង រុស្ស៊ី ចាប់ផ្តើមហើយ នៅសមុទ្រចិនខាងត្បូងនាថ្ងៃចន្ទនេះ

12-09-2016 10:02

(ប៉េកាំង)៖ យោធា ចិននិង រុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូងហើយ នាថ្ងៃចន្ទ នេះ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ដោយមានការចូលរួមពីនាវាចម្បាំង, នាវាមុជទឹក, យន្តហោះយោធា, នាវាផ្ទុកឧទ្ធម្ភាគចក្រ និងកងទ័ពជំនាញមកពី ប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

សមយុទ្ធរួមគ្នាខាងលើនេះមានឈ្មោះថា Joint Sea-2016 ស្ថិតនៅក្នុងគោលដៅបង្កើន កិច្ចការពារជាតិ ការសង្គ្រោះ និង ការប្រឆាំងនាវាមុជទឹក ក៏ដូចជាការរឹបអូសទំនិញខុសច្បាប់ ពីក្រុមដឹកជញ្ជូន តាមនាវាផងដែរ។ នេះជាសមយុទ្ធដ៏កម្រមួយដែលមានរុស្ស៊ីចូលរួម ហើយវា នឹងធ្វើឡើងនៅក្នុងតំបន់ដែនទឹកក្បែរខេត្តក្វាងទុង ភាគអាគ្នេយ៍ប្រទេសចិន ក្រោយពីទើប បញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ ដែលទើបតែត្រូវបានលើកឡើងយ៉ាងច្រើនដែរ ពីបញ្ហាសមុទ្រចិនខាងត្បូងនោះ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ G20 នៅទីក្រុងហាងចូវ ប្រទេសចិន កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ី បានសម្តែងការគាំទ្រ យ៉ាងពេញទំហឹងចំពោះជំហរ របស់ប្រទេសចិន ក្នុងការដោះស្រាយបញ្ហានៅ សមុទ្រចិនខាងត្បូង ហើយដោយឡែកសមយុទ្ធនេះ ត្រូវបានមន្ត្រីចិនបញ្ជាក់ថា មិនមែនជាការត្រៀម ដើម្បីទប់ទល់នឹងភាគីទីបីណាមួយនោះឡើយ៕