គ.ជ.ប៖ ១១ថ្ងៃដំបូងប្រជាពលរដ្ឋខ្មែរ ១,៦៦៣,២៧៦ នាក់ ហើយ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី ១១ ខែកញ្ញា
12-09-2016 09:56
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះថា រយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ៦ល្ងាច មានប្រជាពលរដ្ឋខ្មែរចំនួន ១,៦៦៣,២៧៦នាក់ ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប។
សូមជម្រាបថា ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕