(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្ដកែប នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនគ្រួសារ បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុង ភូមិសាស្ត្រ ក្រុងកែប កាលពីរសៀលម្សិលមិញ ចំនួន២៣ខ្នង ក្នុងនោះ៧ខ្នងខូចខាតធ្ងន់ធ្ងរ និង២ខ្នងទៀតខូចខាតទាំងស្រុង។
ជាមួយគ្នានេះ លោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋផងដែរ។
លោកបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ដោយសារតែរដូវនេះ ជារដូវវស្សា អាចមានភ្លៀង, ខ្យល់, ផ្គរ, រន្ទះ, ជាដើម ហេតុនេះត្រូវមានការប្រុងប្រយ័ត្ន ទាំងការធ្វើដំណើរតាមផ្លូវគោក ឬធ្វើតាមផ្លូវទឹក ឬការចេញទៅប្រកបរបរកសិកម្ម ធ្វើស្រែចំការ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្រែងមានជួបគ្រោះថ្នាក់ដោយប្រការណាមួយ។
ឆ្លៀតឱកាសនេះ លោក សោម ពិសិដ្ឋ ក៏បាន ផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនព្រះចៅអធិការ វត្តភ្នំសសៀរ ផងដែរ៕