(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធម៌ សូមរំលឹកសារជាថ្មីជូនសាធារណជនថា ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា ក្រសួងបានធ្លាប់ចេញសេចក្តីថ្លែងការណ៍ពន្យល់ម្តងរួចមកហើយ, ដោយបានពន្យល់យ៉ាងលម្អិតទាំងអំពី៖ ទិដ្ឋភាពច្បាប់, អំពីដីកាកោះ, អំពីការមិនចូលខ្លួន, អំពីមូលហេតុ មិនសមស្របនៃការមិនចូលខ្លួន, អំពីបទល្មើសជាក់ស្តែង និងអំពីអភ័យឯកសិទ្ធិសភាតំណាងរាស្រ្ត។
ដោយសេចក្តីថ្លែងការណ៍ចំនួន៣ទំព័រ របស់ក្រសួងយុត្តិធម៌ ចេញកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានពន្យល់ និង ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិម្តងរួចមកហើយ, ដោយនៅក្នុងសេចក្តីថ្លែងការណ៍បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះគណបក្សសង្គ្រោះជាតិ ដែលបានបកស្រាយបំភ្លៃប្រាសចាក ពីខ្លឹមសារពិតប្រាកដ នៃមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌអំពីបទបដិសេធ ក្នុងការចូលខ្លួន និងមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីអំពីនិយមន័យ នៃបទឧក្រិដ្ឋ និងបទមជ្ឈឹមជាក់ស្តែង ដើម្បីបំភ័ន្តសាធារណមតិ ក្នុងគោលដៅបិទបាំង ការប្រព្រឹត្តខុសច្បាប់របស់លោក កឹម សុខា និងទម្លាក់កំហុស ដោយអសុទ្ធចិត្តលើ ស្ថាប័នអនុវត្តច្បាប់ ដែលបានអនុវត្តតួនាទី សមត្ថកិច្ចរបស់ខ្លួនត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន។
នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវឲ្យលោក កឹម សុខា ក្នុងឋាន:ជាតំណាងរាស្រ្ត មួយរូបត្រូវបង្ហាញភាពជាគំរូ ប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ ក្នុងការចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
ចំណែកសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦កន្លងទៅ ក្រសួងយុត្តិធម៌ក៏ធ្លាប់បានពន្យល់អំពីការ ប្រព្រឹត្តិបទល្មើសជាក់ស្តែង និងការចោទប្រកាន់ទៅលើតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក កឹម សុខា ផងដែរ។ នៅក្នុងនោះអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ស្ថាប័នតុលាការ ឲ្យបន្តប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងត្រូវធ្វើការសម្រេចចិត្តដោយឯករាជ្យ និងមិនស្ថិតក្រោមសម្ពាធពីគ្រប់មជ្ឍដ្ឋាន។
ដោយឡែកមួយទៀត លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានធ្លាប់ពន្យល់បន្ថែមទៀតអំពីសំណុំរឿងលោក កឹម សុខា នៅក្នុងវេទិកាវិទ្យុបារាំងអន្តរជាតិ RFI នាពេលថ្មីៗនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលធ្លាប់បានចេញផ្សាយ និងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI ផងដែរ៖