(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានទទួលជួបគណៈប្រតិភូស្ថានទូតអង់គ្លេស ដឹកនាំដោយលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោក រូប ក្លាក (Rob Clark) មន្រ្តីសម្របសម្រួលថ្នាក់តំបន់សម្រាប់បណ្ដាញឧក្រិដ្ឋកម្មចាត់តាំង និងធ្ងន់ធ្ងរ (Serious and Organised Crime Network) ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលជួបដើម្បីសម្តែងការគួរសម ពិភាក្សាការងារ។
លោក ដូមីនិក វីល្លៀម (Dominic Williams) បានជម្រាបជូននាយឧត្តមសេនីយ៍ ស ថេត ពីគោលបំណងជំនួប គឺដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមករវាងមន្ត្រីជំនាញប្រចាំចក្រភពអង់គ្លេស ទទួលបន្ទុកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកម្រិតធ្ងន់ ដែលមានអង្គការចាត់តាំង ដែលក្នុងនោះផ្តោតសំខាន់ទៅលើអំពើឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងកើតរីកសាយភាយគ្រប់ទីកន្លែង ជាពិសេសនៅតំបន់អាស៊ាន។
បន្ថែមពីនេះ លោកក៏ចង់ដឹងអំពីគោលជំហររបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងពិនិត្យមើលនូវវិស័យណាមួយដែលភាគីអង់គ្លេស អាចជួយបំពេញបន្ថែមគាំទ្រដល់នគបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីគោលជំហររបស់នគរបាលជាតិកម្ពុជា ចំនួន៤រួមមាន៖
*ទី១៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគ្រប់វិធានការដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកឆ្លងដែន ដែលជាមធ្យោបាយក្នុងការប្រព្រឹត្តអំពើជួញដូរមនុស្ស
*ទី២៖ ការប្តេជ្ញាចិត្តខ្ពស់របស់សមត្ថកិច្ចនគរបាលជាតិកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល
*ទី៣៖ កិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលបានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកឆ្លងដែន និងការជួញដូរមនុស្សបានជាច្រើនករណី ដោយសហការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូរសហប្រតិបត្តការ
*ទី៤៖ នគរបាលជាតិកម្ពុជា ចាត់ទុកអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សជាបទល្មើស ដែលមានហានិភ័យខ្ពស់ ដែលនគរបាលជាតិកម្ពុជាប្តេជ្ញា និងប្រឹងប្រែងបើកកិច្ចសហប្រតិបត្តការទូលំទូលាយជាមួយដៃគូ ដើម្បីធ្វើការបង្ការ ទប់ស្កាត់ និងប្រឆាំងបទល្មើសឲ្យបានជោគជ័យ។
លោក ដូមីនិក វីល្លៀម បានថ្លែងអបអរសាទរដល់នគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជារួមបានល្អក្នុងប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានថ្លែងអំណរគុណភាគីអង់គ្លេស ចំពោះការវាយតម្លៃអំពីកិច្ចប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅក្នុងប្រទេស និងឯកភាពបន្តរួមសហការគ្នាតាមរយៈការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ការជួយគាំទ្របណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ការគាំទ្រលើមធ្យោបាយ ឧបករណ៍សម្ភារៈបចេ្ចកវិទ្យាទំនើប ដើម្បីបន្តប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕