(កោះកុង)៖ លោកបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យចំនួន ២គម្រោង ស្ថិតនៅខេត្តតាកែវ និងខេត្តកោះកុង។
ក្នុងនោះសម្រាប់គម្រោងទី១ គឺការងារស្ថាបនាផ្លូវក្រាលដី ល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៦ ៤០០ ម៉ែត្រ, ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យ ស្ថិតនៅភូមិព្រៃឃុំត្នោត ស្រុកបាទី ទៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែកគម្រោងទី២, ការងារស្ថាបនាផ្លូវក្រាល បេតុងចំនួន ១ ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ, មានទទឹង ៨ ម៉ែត្រ, និងសំណង់សិល្បការ្យមួយចំនួនទៀត ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលគម្រោងទាំងពីរអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។
នាឱកាសនោះលោកបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែនេះ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះនៅជនបទមានសារៈសំខាន់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ ជាមួយគ្នានេះដែរ, ក្រសួងអភិវឌ្ឍន៍ជនបទក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ មានគោលបំណងប្រែក្លាយតំបន់ជនបទនៃកម្ពុជាឱ្យក្លាយជាតំបន់អភិវឌ្ឍន៍រីកចម្រើនប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍វឌ្ឍនភាពការងារសម្រេចបានឆ្នាំ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះគិតត្រឹមឆ្នាំ ២០២៣ ក្រសួងបានស្ថាបនាស្តារ និងកែលម្អផ្លូវជនបទសរុបប្រវែងជាង ៥០ពាន់គីឡូម៉ែត្រ និងបានចងក្រងជាបញ្ជីសារពើភ័ណ្ឌ និងប្រព័ន្ធគ្រប់គ្រងផ្លូវជនបទរួចរាល់ក្នុងនោះរួមមាន៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែងជាង ៥ពាន់គីឡូម៉ែត្រ, ផ្លូវក្រាលបេតុងប្រវែងជាង ១ពាន់គីឡូម៉ែត្រ, ផ្លូវល្បាយក្រួសប្រវែងជាង ៣១ពាន់គីឡូម៉ែត្រ, និងផ្លូវដីសប្រវែង ១២ពាន់គីឡូម៉ែត្រ៕