(បាត់ដំបង)៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីបច្ចេកទេសធ្វើសម្ភាសន៍ សម្រាប់ការអង្កេតតាមលក្ខណៈ ជីវសាស្ត្រ ឥរិយាបថ ការប្រព្រឹត្តផ្លូវភេទ និងការប៉ាន់ប្រមាណរកចំនួនក្រុមអ្នកចាក់ និងអ្នកប្រើប្រាស់គ្រឿងញៀននៅប្រទេសកម្ពុជាឆ្នាំ២០២៤។
ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងពីគោលបំណង ដើម្បីធ្វើការប៉ាន់ប្រមាណចំនួន ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន និងអាត្រាប្រេវ៉ាឡង់មេរោគអេដស៍ និងមេរោគកាមរោគ(មេរោគស្វាយ មេរោគប្រមេះទឹកបាយ មេរោគប្រមេះទឹកថ្លា រលាកថ្លើមប្រភេទC) ក្នុងចំណោមក្រុមអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា ។
វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ក្រោមវត្តមានដឹកនាំលោកវេជ្ជបណ្ឌិត ង៉ូវ បូរ៉ា អនុប្រធានមណ្ឌលជាតិ និងមានសមាសភាពចូលរួមពីមន្ត្រីនិងបុគ្គលិកអង្គការមកពីរាជធានីភ្នំពេញ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង កំពង់ចាម សៀមរាប ព្រះសីហនុ និងកណ្ដាល សរុប៥០នាក់។
តាមរបាយការណ៍ឆ្នាំ២០២៣ កម្ពុជាមានអ្នកញៀន និងអ្នកប្រើប្រាស់គ្រឿងញៀនដែលបានគ្រប់គ្រងចំនួន ២៣,០៤៦នាក់៕