(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត ត្រូវខិតខំប្រឹងប្រែងថែមទៀត ក្នុងការអនុវត្តផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) ឱ្យមានប្រសិទ្ធភាព និងសម្រេចជោគជ័យក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។
ការស្នើរបស់លោកឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបែបនេះ ដោយសារតែយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានស្ថានភាពដូចគ្នា នឹងត្រីមាសទី១ ឆ្នាំ២០២៣ ពុំទាន់មានការថមថយនៅឡើយ។ ហេតុការណ៍គ្រោះថ្នាក់សរុបបានកើតឡើងចំនួន៧៨១លើក បណ្តាលឱ្យស្លាប់ចំនួន៣៨៧នាក់ និងរបួសចំនួន ១ ០៨៤ នាក់ ដែលគិតជាមធ្យមក្នុង១ថ្ងៃ មានគ្រោះថ្នាក់ចំនួន៩លើក បណ្តាលឱ្យស្លាប់ចំនួនលើ៤នាក់ និងរបួសចំនួន១២នាក់។
ថ្លែងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ ដែលបានប្រព្រឹត្តទៅនៅបរិវេណកីឡដ្ឋានវាលបែកចាន ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា ការរៀបចំពិធីនេះ ក៏ជាសកម្មភាពមួយនៃការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាការសម្ដែងឆន្ទ:ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ អនុវត្តន៍ឱ្យបានជោគជ័យនូវផែនការសកម្មភាពទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីបានថ្លែងថា ការប្រារឰទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១៥នេះ ក៏ជាការផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចងចាំថា មានតែការខិតខំយកអស់ស្មារតីទទួលខុសត្រូវចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ការបង្កើនប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ការប្រកាន់សីលធម៌យោគយល់អាធ្យាស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ នោះទើបជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលបាននូវសេចក្តីសុខសុវត្ថិភាពជានិច្ចនិរន្តរ៍។
លោកបណ្ឌិត ស សុខា បានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ តម្រូវការនៃការដឹកជញ្ជូន និងការធ្វើចរាចរណ៍តាមផ្លូវគោកនៅទូទាំងប្រទេសកាន់តែមមាញឹក ព្រមជាមួយកំណើនយានយន្តបានកើនឡើងជារៀងរាល់ឆ្នាំ។ ជាមួយនេះ បញ្ហាប្រឈមដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែបង្កផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និងការខាតបង់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះដែរ លោកអភិសន្តិបណ្ឌិតក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមតម្កល់ឆន្ទៈគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន យកចិត្តទុកដាក់បើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវយកអស់ស្មារតីអនុវត្តន៍វិធានការសំខាន់ៗមួយចំនួន រួមមាន ១. ត្រូវចេះបើកបរឱ្យបានត្រឹមត្រូវជាដាច់ខាត ២. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ៣. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ៤. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនដាច់ខាត ៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត ៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើតតាមទោចក្រយានយន្ត ៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ៨. ត្រូវប្រកាន់ស្តាំជានិច្ច ៩. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និង១០.ត្រូវប្រុងប្រយ័ត្នជានិច្ច។
លោក ឧបនាយករដ្ឋមន្រ្ដីក៏ បានធ្វើការផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចងចាំថា មានតែស្មារតីទទួលខុសត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបង្កើនប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ ការប្រកាន់សីលធម៌យោគយល់អាធ្យាស្រ័យ នោះទើបធ្វើឱ្យចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលបាននូវសេចក្តីសុខសុវត្ថិភាពតាមដងផ្លូវជានិច្ច។
ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រី បានកោតសរសើរដល់អគ្គលេខាធិការដ្ឋាននៃគ.ស.ច.គ និងអនុ គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលបានរៀបចំទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ ផ្សារភ្ជាប់នឹងព្រឹត្តិការណ៍របស់សកលលោកប្រព្រឹត្តទៅដោយជោគជ័យ។
សូមជម្រាបជូនថា ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥នេះ បានសហការរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង។
ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ជាព្រឹត្តិការណ៍ផ្តួចផ្តើមដោយអង្គការសហប្រជាជាតិដែលបានកំណត់យកខែឧសភា រៀងរាល់ឆ្នាំ ប្រារព្ធឡើងនៅតាមប្រទេសនានាទូទំាងសកលលោក ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរួមទាំងប្រទេសកម្ពុជាឱ្យយកចិត្តទុកដាក់លើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍៕