(ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Buth Rothna នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីផែនការការងាររបស់ ARMAC នៅក្រោមដឹកនាំរបស់ប្រធានថ្មី និងតម្រូវការធ្វើការរួមគ្នាឆ្ពោះទៅកាន់ការកសាងសហគមន៍អាស៊ាន រួមទាំង តាមរយៈកិច្ចសហការដែលអាចធ្វើទៅបានជាមួយយន្តការអាស៊ានពាក់ព័ន្ធនានា។
បន្ទាប់មក លោកបណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឲ្យ លោកស្រី Fawziya Bint Edrees Salman Al-Sulaiti ឯកអគ្គរាជទូតកាតាប្រចាំអាស៊ាន ចូលជួបសំដែងការគួរសម និងជម្រាបលា។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងរវាងអាស៊ាន និងកាតា ក្នុងរយៈពេលកន្លងទៅ។ លោកអគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត ដែលបានដើរតួនាទីសកម្ម ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធ ហើយរំពឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរាជទូតថ្មី ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-កាតា ឲ្យកាន់តែប្រសើរឡើង។
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញជាធិបតី ដាក់ដំណើរការសៀវភៅខៀវ អាស៊ាន-សហភាពអឺរ៉ុបឆ្នាំ២០២៤-២០២៥ ដែលមានការចូលរួមពីសំណាក់ លោក Sujiro Seam ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន លោកស្រី Hjayceelyn M. Quintana តំណាងអចិន្ត្រៃយ៍ហ្វីលីពីនប្រចាំអាស៊ាន ដែលជាប្រទេសសម្របសម្រួលសម្រាប់ដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប និងអ្នកចូលរួមផ្សេងទៀត។
នៅក្នុងសន្ទរកថា លោកអគ្គលេខាធិការអាស៊ាន បានសំដែងនូវក្តីសង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមនៅថ្ងៃនេះ អាស៊ាន និងសហភាពអឺរ៉ុប នឹងអាចរក្សាបានកម្លាំងចលករ ហើយបន្តធ្វើការយ៉ាងជិតស្និទ្ធរួមគ្នា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបបន្ថែមទៀត ដើម្បីភាពចម្រុងចម្រើនរបស់ប្រជាជននៃតំបន់ទាំងពីរ។
លោកបណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយ លោកស្រី Manuela V. Ferro អនុប្រធានទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកំពុងបន្តរវាងអាស៊ាន និងធនាគារពិភពលោក ក៏ដូចជា អាទិភាពនាពេលអនាគត សម្រាប់កិច្ចសហការបន្ថែមទៀត៕