(សិង្ហបុរី)៖ ក្រសួងសុខាភិបាល ប្រទេសសិង្ហបុរីបានអះអាងថា ខ្លួនបានរកឃើញ ករណីថ្មីចំនួន១១ បន្ថែមទៀតនៃការឆ្លងវីរុស Zika ដែលកំពុងតែរាតត្បាត យ៉ាងខ្លាំងនៅក្នុងប្រទេសនេះ ដែលប្រការនេះនាំឲ្យចំនួនសរុបនៃអ្នកឆ្លងវីរុស Zika កើនដល់៣២៩នាក់។ នេះបើតាមការ ផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។
ក្រសួងខាងលើបានឲ្យដឹងទៀតថា ក្នុងចំណោម១១ករណីថ្មីនោះ មាន០១ករណីរជាប់ពាក់ព័ន្ធនឹងតំបន់ Elite Terrace ឯករណីចំនួន១០ផ្សេងទៀត មិនមានការពាក់ព័ន្ធ ទៅនឹងតំបន់ដែលធ្លាប់មានវីរុស រីករាលដាលនោះទេ ហើយមកដល់ពេលនេះ ស្រ្តីមានផ្ទៃពោះចំនួន ០៨នាក់ បានឆ្លងវីរុសនេះ និងកំពុងតែស្ថិតនៅក្រោមការព្យាបាល និងមើលថែទាំដោយគ្រូពេទ្យជំនាញ។
ខណៈពេលនេះដែរ ភ្នាក់ងារបរិស្ថានជាតិ កំពុងតែបន្តយុទ្ធនាការកម្ចាត់ជម្រកភ្នាក់ងារចម្លង នៅតាមតំបន់មួយចំនួន រួមមាន Aljunied Crescent/ Sims Drive/ Paya Lebar Way/ Kallang Way/ Circuit Road/ Geylang East Central/ Geylang East Avenue 1, Bedok North Avenue 2/ Bedok North Avenue 3/ Bedok North Street 3, Joo Seng Road, Bishan Street 12, Elite Terrace, Ubi Crescent, និង Jalan Raya/Circuit Road។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ជម្រកពូជសត្វមូសសរុបចំនួន២០២ ត្រូវបានរកឃើញ និងបំផ្លាញចោលនៅតំបន់ប្រមូលផ្តុំ ក្នុងនោះមាន១២១ជម្រក នៅក្នុងផ្ទះ និង ៨១ជម្រក នៅតំបន់ធម្មតា ឬបរិវេណផ្សេងៗទៀត៕