(ភ្នំពេញ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ព្រមទាំងប្រជាពលរដ្ឋជាង១ម៉ឺននាក់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។
ញត្តិគាំទ្រលើគម្រោងព្រែកជីកហ្វូណនតេជោនេះ ធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន៥៥៥នាក់ ស្រីចំនួន ៣៣៥នាក់ បន្តចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ចែកឱសថ ទឹកសុទ្ធ នំប៉័ង ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន៩៩៥៧នាក់ ស្រ្តីមានចំនួន៥២៧២នាក់ នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ស្ថិតនៅ ឃុំ អណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ញត្តិគាំទ្របានបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គា្ន ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយ អាជ្ញាធរ ខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋចំនួនជាង ១ម៉ឺននាក់ នៅថ្ងៃចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម នៅខេត្តកំពង់ឆ្នាំង សូម ប្រកាសគាំទ្រយ៉ាងពេញទំហឹងជាមួយក្តីមោទនៈ ក្រៃលែងចំពោះ “គម្រោងព្រែកជីកហ្វូណនតេជោ” ដែល សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើម គំនិតកសាងឡើងក្នុងនីតិកាលទី៦កន្លងទៅ ហើយដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំ ប្រកបដោយភាពស្វាហាប់ និងទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជំរុញ យ៉ាងក្លៀវក្លា និងមោះមុតអនុវត្តឱ្យសម្រេចបាននាពេលខាងមុខនេះ។
យើងខ្ញុំទាំងអស់គ្នា បានយល់ច្បាស់ពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃគម្រោងផ្លូវទឹកដ៏មហិមាជា ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជានេះ ដែលនឹងបម្រើដល់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន ឥតគណនារួមមាន ការសម្រួលដល់ការដឹកជញ្ចូនក្នុងប្រទេសដោយគ្មានរបាំង នាំឱ្យកាត់បន្ថយថ្លៃដើមផលិត នៃទំនិញនាំចេញ បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងពាណិជ្ជកម្មអន្តរជាតិ និងទាក់ទាញការវិនិយោគ ពីបរទេស ការបង្កើតឱ្យមានប្រព័ន្ធធារាសាស្ត្រសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅទិសនិរតី និងការបង្កើតជា ប្រព័ន្ធរំដោះទឹកជំនន់ជាដើម។
ក្នុងស្មារតីនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្តេជ្ញា កសាងព្រែកជីកហ្វូណន តេជោឱ្យលេចចេញជារូបរាងឡើងនាពេលដ៏ខ្លីខាងមុខនេះ ហើយយើងខ្ញុំប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារផលប្រយោជន៍ជាតិ និងប្រជាជនតាមរយៈគម្រោងដ៏វិសេសវិសាលនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍ សង្គមជាតិ ឈានទៅសម្រេចបានទស្សនវិស័យកម្ពុជាឆ្នាំ២០៥០ ជាពិសេសកសាងសង្គមជាតិកម្ពុជាមួយ ប្រកបដោយវឌ្ឍនភាព វិបុលភាព និងកាលានុវត្តភាព»។
គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕