(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ឧត្តមសេនីយ៍ប្រតិភូ នៃសមាគម អមដំណើរ អភិបាលរងខេត្ត តំណាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កម្លាំងទាំង បី ប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត សមាជិក សមាជិកា សមាគមអតីតយុទ្ធជនក្រុង/ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវបានប្រកាសជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ។
កិត្តិសង្គហបណ្ឌិត បានលើកឡើងដែរថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ លោកតែងទទួលបានការដាស់តឿន និងក្រើនរំលឹកជាប់ជានិច្ចពីសំណាក់សម្តេចតេជោប្រធាន និងសម្តេចមហាបវរ អនុប្រធានទី១ សមាគមអតីតយុទ្ធជន ឱ្យយកចិត្តទុកដាក់គិតគូរលើសុខទុក្ខ ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជននៅតាមបណ្តាខេត្តជាប់ជាប្រចាំ។
ជាពិសេសនាឱកាសប្រារពទិវាអតីតយុទ្ធជនខិតជិតមកដល់នេះត្រូវប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យបានប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់ផ្ទះ និងជំរុញការដាំដុះបង្កបង្កើនផលជាដើម។
ជាមួយគ្នានេះសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ សម្រាប់ដាក់ជូនសម្តេចតេជោប្រធាន ដើម្បីស្នើសុំរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ច ជូនពួកគាត់បានទាន់ពេលវេលា។
ថ្លែងនៅក្នុងឱកាសនោះ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគម មានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់៕