(ត្បូងឃ្មុំ)៖ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក វង វ៉ាន់នី នាយកសាខា ដឹកនាំមន្រ្តីសាខា និងលោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ទៅចែកផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន៤ខ្នង ស្ថិតនៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អំណោយទាំងនោះ ក្នុងមួយគ្រួសាៗទទួលបាន អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកសុីអៀវ ១យួរ ត្រីខ ១យួរ តង់១ ថវិកា ៨០០,០០០រៀល។

សូមជម្រាបថា នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកពញាក្រែកអស់ចំនួន ៤ខ្នង ដោយឆ្លងចរន្តអគ្គីសនី រួមមាន៖

*ទី១៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ខ្លេង ម៉ៅ ភេទប្រុស អាយុ ៦៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ។
*ទី២៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ៅ ចាន់ថេន ភេទប្រុស អាយុ ៤២ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រ គុណ ៨ម៉ែត្រ។
*ទី៣៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណ៩ម៉ែត្រ។
*ទី៤៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ នៅ សាំង ភេទប្រុស អាយុ ៤៧ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ ៦ម៉ែត្រ គុណ៧ម៉ែត្រ។

ហេតុការណ៍អគ្គីភ័យខាងលើកើតឡើង ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ០២គ្រឿង ស្រុកមេមត់០១គ្រឿង ក្រុងសួង ០១គ្រឿង និងស្រុកតំបែរ ០១គ្រឿង សរុបចំនួន ០៦គ្រឿង និងប្រើប្រាស់ទឹកអស់ ចំនួន០៦ សាទែន និងរថយន្តទឹករបស់ក្រុមហ៊ុនចំការកៅស៊ូក្រែក ចំនួន ០៤គ្រឿង បច្ចុប្បន្ន បានអន្តរាគមន៍រលត់ទាំងស្រុងផងដែរ៕