(ភ្នំពេញ)៖ លោក ធន់ ដារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចផ្ដន្ទាទោសបុគ្គលឈ្មោះ ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីព វិស័យទេសចរណ៍ (CTSWF) ដាក់ពន្ធនាគារកំណត់ចំនួន ១ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក (FACEBOOK) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ និងសម្រេចបង្គាប់ឱ្យចាប់ និងឃុំខ្លួនជននេះ។
តាមរយៈដីកាសម្រេចរបស់ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដូច្នេះ គប្បីតុលាការចេញដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនពិរុទ្ធជនឈ្មោះ ម៉ម រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ តាមបញ្ញត្តិ នៃមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានFresh News នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ថា កាលពីម្សិលមិញ ក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលទទួលផែនការងារសន្តិសុខ បានចុះទៅឃាត់ខ្លួនឈ្មោះ ម៉ម រិទ្ធី មុខរបប ជាប្រធានសហព័ន្ធសហជីព វិស័យទេសចរណ៍ នៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។
ក្រោយការចាប់ខ្លួន, បុគ្គលឈ្មោះ ម៉ម រិទ្ធី ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕