(កំពង់ធំ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំចំនួន ៣,៧៦៧នាក់។
សកម្មភាពសប្បុរសធម៌នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក ក្រុមការរងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អង្គការ ក្រុមហ៊ុន យុវជន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការចុះព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនេះ គឺជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានស្នើឱ្យសមាគមចុះធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៅទូទាំងប្រទេស។
លោក ក៏បានថ្លែងអំណរគុណក្រុមការងារថ្នាក់ជាតិចុះជួយស្រុក អជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ បម្រើប្រជាពលរដ្ឋ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងដែរថា ក្នុងនាមអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ មានសេចក្តីសោមមនស្សរីករាយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅក្នុងស្រុកសន្ទុក នាពេលនេះ ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ប្រជាពលរដ្ឋដែលបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ មានអារម្មណ៍រីករាយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅក្នុងស្រុកសន្ទុកនាពេលនេះ និងបានថ្លែងអំណរគុណចំពោះសកម្មភាព របស់ក្រុមគ្រូពេទ្យ។
តាមរបាយការណ៍របស់គ្រូពេទ្យបានឱ្យដឹងថា ការពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃ នៅក្នុងខេត្តកកំពង់ធំ នៅពេលនេះ បានពិនិត្យព្យាបាលជំងឺទូទៅបានចំនួន ២,៨២៨នាក់, ពិនិត្យ និងព្យាបាលត្រចៀក ច្រមុះ បំពង់កបានចំនួន ១០១នាក់, ពិនិត្យស្ត្រីដែលមានផ្ទៃពោះ និងព្យាបាលរោគស្រ្តីបានចំនួន ២៤៩នាក់, វះកាត់តូចបានចំនួន ១៧នាក់, វះកាត់ព្យាបាលជំងឺមាត់ធ្មេញបានចំនួន ២៤២នាក់, ពិនិត្យភ្នែកបានចំនួន ២៦៨នាក់, និងបញ្ជូនអ្នកជំងឺមកព្យាបាលបន្តចំនួន ៩នាក់, ព្យាបាលឫសដូងបាតចំនួន ២នាក់, ពិនិត្យឈាម ៥១នាក់ សរុបទាំងអស់ចំនួន ៣,៧៦៧នាក់។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលសមាគម TYDA ចុះធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ដែលលើកទីមួយ គឺនៅក្នុងស្រុកបារាយណ៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥៕