(ភ្នំពេញ)៖ លោកស្រី ហេឡេណា មក្លូដ (Helena McLeod) អគ្គនាយិការងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) បានកោតសរសើរចំពោះសមិទ្ធផលរួម ដែលក្រសួងសម្រេច បានក្នុងភាពជាដៃគូជាមួយនិង GGGI។

ការសម្រេចបាននូវសមិទ្ធផលរួមគ្នានេះ គឺបានរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើតភាពបៃតង និងភាពស្អាតរបស់កម្ពុជា។ លើសពីនេះ លោកស្រីអគ្គនាយិការងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ និងតាមដានការអនុវត្តគម្រោង ហើយថែមទាំងបានផ្តល់នូវគំនិតយោបល់នានា ដើម្បីពង្រីកការអនុវត្តគម្រោងរហូតទទួលជោគជ័យ។

ស្របនឹងការលើកឡើងរបស់លោកស្រី ហេឡេណា មក្លូដ (Helena McLeod) ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងអរគុណផងដែរចំពោះ GGGI ដែលបានផ្តល់ការគាំទ្របច្ចេកទេសដល់ មន្ត្រីគម្រោង ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះទៀតសោត បានជួយទៅដល់គម្រោងអភិវឌ្ឍនៃបៃតងដូចជា Eu-Switch Garment ដែលជាវិធានប្រតិបត្តិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុ។

លើសពីនេះ GGGI ក៏បានគាំទ្រសកម្មភាពអភិវឌ្ឍន៍គម្រោងបៃតងរបស់ក្រសួងបរិស្ថាន និងបានចូលរួមគាំទ្រដល់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំឈប់ប្រើប្លាសិក» យុទ្ធនាការដាំកូនឈើជាង ១លានដើមក្នុង១ឆ្នាំៗ និង ចូលរួមអភិវឌ្ឍគម្រោង ស្តារអាងទន្លេសាបនាពេលថ្មីៗនេះផងដែរ។

សូមជម្រាបជូនថា ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅក្នុងក្រខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤៕