(ភ្នំពេញ)៖ បន្ទាប់ពីប្រជាជនសាទរចំពោះចំណាត់ការរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានសម្រេចផ្ទេរភារកិច្ចអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន ពីសាលាដំបូងខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌បន្ទាន់ភ្លាមៗ ដោយមូលហេតុមានការលេចលឺពត៌មានជាច្រើនលើកឡើងថា អាជ្ញាសាលារូបនេះ តែងតែប្រព្រឹត្តិលើស និងខុសនីតិវិធីនៃការអនុវត្តស្រេចតែចិត្តរបស់ខ្លួនជាច្រើនលើកជាច្រើនសារ ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋស្លូតត្រង់ ងាយរងគ្រោះ នៅខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះចំនួន ២គ្រួសារ គឺលោក គឹម រស្មី និងគ្រួសារ ព្រមទាំងគ្រួសារដែលជួយចាំដីរបស់គាត់ដែលរងគ្រោះដោយអំពើខុសនីតិវិធីរបស់អាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន បានប្តឹងដាក់ពាក្យបណ្តឹងអន្តរាគមន៌ទៅក្រសួងយុត្តិធម៌ ដើម្បីឲ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តារកយុត្តិធម៌ឲ្យគាត់ផង ដោយហេតុថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ អាជ្ញាសាលាខាងលើបានចេញលិខិតជូនដំណឹងមកឈ្មោះ គឹម រស្មី និងគ្រួសារចាំដី ស្តីពីការអនុវត្ត សាលដីកាលេខ ៣៧៦ “ង” ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់តុលាការកំពូល នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៩ព្រឹក។

ក្រោយមកឈ្មោះ គឹម រស្មី បានដាក់ពាក្យស្នើសុំផ្អាកចំពោះការអនុវត្តដោយបង្ខំទៅនឹងកាលបរិច្ឆេទខាងលើនេះ។ ក្រោយមកអាជ្ញាសាលារូបនេះបានចេញលិខិតជូនដំណឹងស្ដីពីការពន្យារពេលអនុវត្តលេខៈ ០៩៦ លជណ.អជ/២៤ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ បានពន្យារពេលក្នុងការអនុវត្តរហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ទុកពេលឲ្យភាគីចរចាគ្នាដើម្បីរកដំណោះស្រាយសមស្របមួយ។

តែលុះដល់ថ្ងៃ០៨ ខែមេសា ឆ្នាំ២០២៤ អាជ្ញាសាលារូបនេះ បែរជាចេញលិខិតជូនដំណឹងលើកទី២លេខ១០៣ លជណ.អជ/២៤ ឲ្យមកអនុវត្តនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដោយស្ម័គ្រចិត្ត ទៅវិញ។ សុំសួរថាតើគ្រាន់តែរង់ចាំដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ មិនបានទេអី បានមកអនុវត្តថយក្រោយលុបលើលិខិតរបស់ខ្លួនទៅវិញ ដែលទើបតែចូលឆ្នាំប្រពៃណីខ្មែររួចបាន ២ថ្ងៃ។

លុះដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ អាជ្ញាសាលារូបនេះ និងមន្ត្រីដទៃទៀតបានចុះទៅអនុវត្តដោយបង្ខំ ដោយមិនបានជូនដំណឹងមកជនរងគ្រោះឈ្មោះ គឹម រស្មី ឡើយ។ ដោយចុះមកតែភាគីខ្លួនឯង ហើយបានវាយកំទេចផ្ទះ និងរបងដីរបស់ឈ្មោះ គឹម រស្មី និងបណ្តេញគ្រួសារចាំដីចេញយ៉ាងអាណោចអាធម្មដែរមានកូនតូចរស់នៅជាមួយថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាសាលារូបនេះបាន ចុះអនុវត្តលើសសាលដីការបស់តុលាការកំពូលដែលបាន ចង្អុលបង្ហាញត្រឹមព្រំប្រទល់ចេញពីប្រវត្តិដីរបស់ឈ្មោះ មុន្នី ហោរ៉ាត់ គឺក្បាលដី ១០០ម៉ែត្រ និងទទឹង ៥០០ម៉ែត្រ ប៉ុន្តែ អាជ្ញាសាលារូបនេះបានអនុវត្តលើក្បាលដីរហូតដល់ក្បាលដីជាង ១៣០ម៉ែត្រទៅវិញ។

ហេតុដូចបានរៀបរាប់ និងឯកសារយោងខាងលើអាចបញ្ជាក់យ៉ាងច្បាស់ថាអាជ្ញាសាលារូបនេះ បានអនុវត្តចុះនីតិវិធី បំពានច្បាប់ ខុសនីតិវិធី ខុសប្រក្រតីដែលនាំអោយប៉ះពាល់ដល់ផលប្រយោជន៍គ្រួសារជនរងគ្រោះឈ្មោះ គឹម រស្មី និងគ្រួសារអ្នកចំដី(ដែរមានកូនតូចស្នាក់នៅ) ជាខ្លាំង។

ដូច្នេះ បានជានៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ គឹម រស្មី បានដាក់ពាក្យបណ្តឹងអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ស្នើសុំឲ្យឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាចំណាត់ការតាមនីតិវិធី ចំពោះអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន និងស្នើសុំឲ្យជួយផ្អាកនីតិវីធីក្នុងសំណុំរឿងអនុវត្តដោយបង្ខំលេខៈ១៥៧ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងផ្អាកការអនុវត្តដោយបង្ខំ ដែលមានភាពមិនប្រក្រតីនេះជាបណ្តោះអាសន្ន និង សើរើចំពោះនីតិវិធីក្នុងការអនុវត្តដោយបង្ខំនេះឡើងវិញ ដើម្បីជួយរកយុត្តិធម៌ដល់ជនរងគ្រោះឈ្មោះ គឹម រស្មី។

ក្នុងនាមជាប្រជាពលរដ្ឋរងគ្រោះស្នើសុំ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយរងយុត្តិធម៌ដល់ខ្លួនឈ្មោះ គឹម រស្មី ដូចនឹងគោលការណ៌កំណែទម្រង់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនៅយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្នុងនោះក៏មាន មុំទី៤ ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ផងដែរ៕