(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងក្រសួងការបរទេសកម្ពុជា បានធ្វើការរួមគ្នាពង្រឹងកិច្ចការស្រាវជ្រាវ និងវិភាគភូមិសាស្ត្រនយោបាយ ដែលជាកិច្ចការដ៏មានសារសំខាន់ និងមិនអាចខ្វះបាននៅក្នុងប្រទេសនីមួយៗ។
ដើម្បីឈានទៅចាប់ផ្តើមលើការងារនេះ កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍នៃក្រក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយលោកបណ្ឌិត ណី សំអុល ប្រធានក្រុម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ស្តីពី «ការស្រាវជ្រាវ និងការវិភាគភូមិសាស្ត្រនយោបាយ»។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោក NORITADA Morita ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានកិច្ចសន្ទនាតុមូលស្តីពី «បច្ចុប្បន្នភាពភូមិសាស្ត្រនយោបាយអាស៊ាន ២០២៤-២០២៥» ដែលមានការចូលរួមពិភាក្សាពីអ្នកជំនាញជាន់ខ្ពស់ និងមានអ្នកចូលរួមសិក្សាប្រមាណ ៣០នាក់។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងងពីរបានសម្តែងនូវទំនុកចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបម្រើឱ្យគោលបំណងរួម និងរួមចំណែកក្នុងការបង្កើតការវិភាគស៊ីជម្រៅលើបញ្ហា និងកិច្ចការតំបន់ និងអន្តរជាតិនានា។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថាប័នទាំងពីរនឹងប្រមូលផ្តុំអ្នកជំនាញ អ្នកស្រាវជ្រាវដ៏ប៉ិនប្រសប់ និងអ្នកប្រាជ្ញវ័យក្មេង ដើម្បីផ្តល់ជាអនុសាសន៍ គោលនយោបាយ ព្រមទាំងបង្កើតការវិភាគគ្រប់ជ្រុងជ្រោយក្នុងនិន្នាការភូមិសាស្រ្តនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក។
កិច្ចសហការ និងភាពជាដៃគូរវាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ (AVI-IRAG) គ្របដណ្តប់លើផ្នែកជាច្រើននៃការវិភាគស្រាវជ្រាវលើប្រធានបទដូចជា ភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយសង្គម បរិស្ថាន និងការវិភាគនយោបាយក្នុងប្រទេសជាសមាជិកអាស៊ាន អនុតំបន់ មេគង្គ និងអាស៊ី-ប៉ាស៊ីហ្វិក។
កិច្ចសហប្រតិបត្តិការ AVI-IRAG ដើរតួជាគំរូដែលមានគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការផ្នែកស្ថាប័នស្រាវជ្រាវ ក្នុងការស្រាវជ្រាវភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រយុទ្ធសាស្ត្រ និងភូមិសាស្ត្រសេដ្ឋកិច្ច និងជាការឆ្លើយតបទៅនឹងភាពតានតឹងដែលកំពុងបន្តកើនឡើងក្នុងចំណោមមហាអំណាចធំៗ និងកណ្តាល។ ជាការពិត ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បង្កើតបានជាស្ថាប័នភាវូបនីយកម្មនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលិតអត្ថបទស្រាវជ្រាវតាមតម្រូវការ ដែលផ្តោតលើភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច ភូមិសាស្ត្រសន្តិសុខ បរិស្ថាន ឌីជីថលភាវូបនីយកម្ម និងប្រធានបទដែលទាក់ទាញចំណាប់អារម្មណ៍ផ្សេងទៀតទាំងក្នុងតំបន់ និងពិភពលោក។
ភាគីទាំងពីរ បានសម្តែងនូវទស្សនវិស័យវិជ្ជមាន និងការប្តេជ្ញាចិត្តខ្លាំងក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការស្រាវជ្រាវ និងការវិភាគសំខាន់ៗ ដើម្បីជំរុញភាពជាដៃគូសហប្រតិបត្តិការរយៈពេលវែង៕