(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជំរុញឱ្យប្រទេសកាតាបើកស្ថានទូតនៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាតាឱ្យកាន់តែល្អប្រសើរថែមទៀត។ ក្រៅតែពីការស្នើឱ្យបើកស្ថានទូត សម្តេចតេជោ ក៏បានស្នើឱ្យបើកឡើងវិញការហោះហើរត្រង់រវាងកាតា និងកម្ពុជា ហើយក៏បានស្នើពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនាំទៅប្រទេសកាតាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក ខាលីត អាលី អាប់ឌុលឡា អាបែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូតប្រទេសកាតា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤នេះ។
បន្ទាប់ពីកិច្ចស្វាគមន៍សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅលោកឯកអគ្គរាជទូតថា ប្រទេសកាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង។ សម្តេចតេជោ ក៏បានរំលឹកដែរថា នៅពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី សម្តេច ពុំមានពេលគ្រប់គ្រាន់ទទួលទូតមាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ តែសម្រាប់កាតាជាករណីពិសេស។
សម្ដេចតេជោ បានរំឭកថា កម្ពុជា និងកាតា បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ២០០៨ ពេលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា យាងមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា។
ជាការឆ្លើយតបលោកឯកអគ្គរាជទូតកាតា បានធ្វើគារវកិច្ច និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនសម្តេចតេជោ និងប្រជាជនកម្ពុជា និងសម្តែងការអបអរសាទរសម្តេចចំពោះ ដែលទទួលបានតួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណសម្តេចតេជោ និងបានលើកឡើងថា ជាកិត្តិយសណាស់ដែលលោក បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹមថា កាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ហើយក៏បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។
សម្ដេចតេជោ បានសម្តែងការអរគុណចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងព្រឹទ្ធសភារបស់កាតាជូនសម្ដេច ហើយសម្ដេចបានសម្ដែងការសោកស្ដាយចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេចមានបំណងចូលរួមដែរ ប៉ុន្តែបែរជាខកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ ឯកអគ្គរាជទូតកាតាបានយកបាល់ដែលទាត់នៅក្នុងព្រឹត្តិការណ៍ World Cup ជូន សម្ដេចទុកជាអនុស្សាវរីយ៍។
សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេលកម្ពុជាជាម្ចាស់ផ្ទះនៃប្រធានអាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយ សម្ដចតេជោ បានលើកឡើងថា កម្ពុជា និងកាតា មានកិច្ចការធ្វើច្រើន ដោយសារកាតាជាប្រទេសមានសន្តិសុខថាមពល ហើយ កម្ពុជាជាប្រទេសធានាបានសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ហើយកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។
ជាមួយគ្នានេះ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប មកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជា និងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។
ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ។ លោកឯកអគ្គរាជទូត បានរំឭកថាមូលហេតុដែលលោកមកទីនេះ ដើម្បី គាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឱ្យមានដំណើរការឡើងវិញ។
លោកសន្យាថា នឹងខិតខំប្រមែប្រមូលអ្នកវិនិយោពីកាតាមកកម្ពុជា ក៏ដូចជានាំអ្នកវិនិយោគ ពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ។
លោកឯកអគ្គរាជទូតបានលើកឡើងថាលោកក៏កំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យសិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ។
សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណាទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ។ សម្ដេចតេជោ ជម្រុញឱ្យពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១)ធ្វើយ៉ាងណាឱ្យវិនិយោគិនមានទំនុកចិត្ត គឺត្រូវឱ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ ទី២) ឱ្យមានកិច្ចព្រមព្រៀងមិនមានពន្ធត្រួតស៊ីគ្នា ហើយកាន់តែប្រសើជានេះទៅទៀត បើអាចធ្វើបាន គឺបង្កើតកិច្ចព្រមព្រៀងតំបន់សេដ្ឋកិច្ចសេរី(Free Trade Zone) ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសាអូឌីត។ ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានជជែកអំពីស្ថានភាព នៅមជ្ឈឹមបូព៌ាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើលោកឯកអគ្គរាជទូត ពាំនាំការផ្ដាំផ្ញើការសាកសួរសុខទុក្ខ ថ្វាយព្រះមហាក្សត្រ ជូនប្រធានសភា និងនាយករដ្ឋមន្ត្រីនៃប្រទេសកាតា ហើយសង្ឃឹមថាទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ទាប់ពីវត្តមានរបស់លោកឯកអគ្គរាជទូតនាពេលនេះ។
លោកឯកអគ្គរាជទូត បានសន្យាថា នឹងមកលេងកម្ពុជាឱ្យញឹកញាប់។ លោក ក៏បានសម្ដែងការកោតសរសើរចំពោះសម្ដេចតេជោ ដែលយល់ច្បាស់ពីយុទ្ធសាស្ត្រក្នុងការដឹកនាំកម្ពុជា ពីប្រទេសមានសង្គ្រាម ទៅជាប្រទេសមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ៕