(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាល ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចំណេះសំណាល ជួបសួរសុខទុក្ខ និងប្រគល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់ពលរដ្ឋនៅក្នុងមូលដ្ឋាននាឱកាសនេះ លោកបានលើកឡើងថា ការផ្ដល់បណ្ណសមធម៌បានត្រឹមត្រូវ គឺជាការរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន។ លើសពីនេះក៏ជាការចូលរួមចំណែក ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

ទន្ទឹមនឹងនេះ លោកក៏បានក្រើនរំលឹកដល់មន្ត្រីអត្រានុកូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពន្លឿនធ្វើឯកសារចាំបាច់ផ្ទាល់ខ្លួនមួយចំនួនរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើបណ្ណសមធម៌ឱ្យបានលឿនបំផុត ដើម្បីឱ្យពួកគាត់ទទួលបាននូវបណ្ណសមធម៌ទាន់ពេលវេលា ហើយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជាការព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យ និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែជាដើម។

លោក សាយ គឹមឡម ក៏បានណែនាំដល់រដ្ឋបាលឃុំប្រឡាយត្រូវបែងចែកតួនាទីភារកិច្ចគ្នាក្នុងការចុះផ្ទាល់ជាមួយមន្ត្រីបច្ចេកទេសសម្ភាស ឱ្យដល់ផ្ទះគ្រួសារក្រីក្រផ្ទាល់ដើម្បីប្រសិទ្ធភាព និងភាពជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទូទៅផងដែរ។

គួរបញ្ជាក់ថា បណ្ណសមធម៌ដែលចែកជូនពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋនៅក្នុងឱកាសនេះមានចំនួន៥៦៩បណ្ណ ដែលក្នុងនោះក្រីក្រ១ ចំនួន ២៣៧បណ្ណ និងក្រីក្រ២ ចំនួន ៣៣០បណ្ណផងដែរ៕