(ភ្នំពេញ)៖ ទាំងខ្មាន់កាំភ្លើង និងបក្ខពួក ដែលបានបាញ់ប្រហារយុវជនមួយក្រុមនៅតាមផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស​ ថេត អគ្គស្នងការនគរបាលជាតិ តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ខ្មាន់កាំភ្លើងដែលបានបាញ់ក្រុមយុវជនបណ្តាលឲ្យរងរបួសម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ តាមចាប់ខ្លួនបានហើយ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបផ្ទាល់ បានបញ្ជាក់ទៀតថា ក្រោយស្រាវជ្រាវ និងទទួលបានព័ត៌មានច្បាស់ នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌឬស្សីកែវ បានចុះទៅឡោមព័ទ្ធ និងចាប់បក្ខពួកម្នាក់ទៀតនៅក្បែរផ្សារសាំហាន់ សង្កាត់ទួលសង្កែ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ, នៅពេលដែលកម្លាំងនគរបាលចុះឡោមព័ទ្ធចាប់នោះ ជនល្មើសបានបាញ់មកលើសមត្ថកិច្ចចំនួន៦គ្រាប់ផងដែរ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យរងរបួសដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងបង្ក្រាបនោះឡើយ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ពីទីតាំងប្រតិបត្តិការ បានឲ្យដឹងថា នៅពេលកម្លាំងនគរបាលជំនាញឡោមព័ទ្ធចាប់ខ្លួននោះ ខ្មាន់កាំភ្លើងម្នាក់នេះ មិនព្រមប្រគល់ខ្លួននោះឡើយ ពោលបានបាញ់មកលើសមត្ថកិច្ចថែមទៀតផង ទើបធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធទៅវិញរហូតចាប់ខ្លួនបានភ្លាមៗ។

ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំចាត់ការបន្តទៀត។

សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ មានហេតុការណ៍បាញ់រះមួយបានកើតឡើង នៅផ្លូវលេខ៧០ ស្ដុបR៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានបណ្ដាលឲ្យជនយុវជនម្នាក់រងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ខណៈខ្មាន់កាំភ្លើងបើករថយន្ដគេចខ្លួនបាត់។

តាមសេចក្តីរាយការណ៍ មូលហេតុដែលនាំឲ្យខ្មាន់កាំភ្លើងផ្ទុះអាវុធនេះដោយសារខឹងជាមួយសង្សាររបស់ខ្លួន៕