(តូក្យូ, ជប៉ុន)៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយអ្នកវិនិយោគរបស់កម្ពុជាជាច្រើនរូប បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកវិនិយោគរបស់កម្ពុជា នឹងទស្សនកិច្ចនៅប្រទេសជប៉ុនរយៈពេលប្រមាណជា៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា។ ទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រី និងអ្នកវិនិយោគរបស់កម្ពុជា នៅក្នុងប្រទេសជប៉ុននាពេលនេះ គឺជាកិច្ចប្រឹងប្រែងមួយទៀតក្នុងការទាក់ទាញអ្នកវិនិយោគជប៉ុន ឱ្យចូលមកវិនិយោគនៅកម្ពុជា។
ថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកវិនិយោគរបស់កម្ពុជា អមដំណើរដោយលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលជួបលោក Kunihiko Hirabayashi អគ្គលេខាធិការ AJC, លោក Hosaka Shin អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ និងលោក Imamura Masahiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន។
ក្នុងជំនួបដាច់ដោយឡែកពីគ្នាខាងលើនេះ ធ្វើឡើងក្នុងគោលបំណងស្វះស្វែងរកកិច្ចសហប្រតិបត្តិការនានា ដើម្បីជំរុញការធ្វើធុរកិច្ចរវាងកម្ពុជា និងជប៉ុន។
ក្នុងជំនួបដ៏មានសារសំខាន់ទាំងនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសមភាគីជប៉ុន ដែលតែងតែផ្តល់ការគាំទ្រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានា សំដៅចូលរួមចំណែកលើកកម្ពស់រំហូរវិនិយោគជប៉ុនមកកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីជប៉ុនអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការដាក់ទុនវិនិយោគលើគ្រប់វិស័យ។
លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបន្តរក្សាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយគាំទ្រផ្សេងៗ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងជំនួបខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ឆ្លៀតបង្ហាញ និងពន្យល់អំពីលក្ខខណ្ឌច្បាប់ ការសិក្សាបច្ចេកទេស ព្រមទាំងការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងតភ្ជាប់ផ្លូវទឹកជាប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ៕