(សេអ៊ូល)៖ តាមការដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង ដោយបណ្តាញព័ត៌មានកូរ៉េខាងត្បូងឲ្យដឹងថា ទីក្រុងព្យុងយ៉ាង បានហៅគំរោងដាក់ទណ្ឌកម្ម មកលើខ្លួនបន្ថែមទៀតជាការឆ្លើយតប ការធ្វើតេស្តនុយក្លេអ៊ែរជាលើកទី០៥ នោះថា «ជារឿងដែលគួរឲ្យចង់សើច» ហើយកូរ៉េខាងជើង ប្តេជ្ញាពង្រីកអំណាច នុយក្លេអ៊ែរ ឲ្យកាន់តែខ្លាំងជាងនេះទៀត។ នេះបើតាមការចេញផ្សាយនៅដោយ Channel News Asia នាល្ងាចថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០១៦។
នៅថ្ងៃសុក្រសប្តាហ៍នេះ ប្រទេសកូរ៉េខាងជើង បានធ្វើការបំផ្ទុះសាកល្បងគ្រាប់បែក នុយក្លេអ៊ែរ នៅតំបន់ដែលខ្លួនធ្លាប់ ធ្វើតេស្តម្តងរួចមកហើយ កាលពីខែមករា ដើមឆ្នាំនេះ ដែលបានបណ្តាលឲ្យកើតមាន គ្រោះរញ្ជួយដីកម្រិត ៥,៣រ៉ិចទ័រ។ ប្រការនេះ បានទទួលរងការថ្កោលទោស ស្ទើរមួយចំហៀងពិភពលោក ហើយវាក៏បានបង្ហាញកាន់តែច្បាស់ផងដែរថា អង្គការសហប្រជាជាតិ មិនមាន អំណាចគ្រប់គ្រាន់ក្នុងការបញ្ឈប់ទង្វើកូរ៉េខាងជើងនោះឡើយ។
ចំពោះការបោះសម្តី សើចចំអកពីប្រទេសកូរ៉េខាងជើងនេះបានកើតឡើង បន្ទាប់ពី សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានស្ទុះស្ទារអំពាវនាវឲ្យអង្គការសហប្រជាជាតិ បង្កើនទណ្ឌកម្មដាក់លើកូរ៉េខាងជើងបន្ថែមទៀត ខណៈអាមេរិកាំងតែឯង បានអះអាងថា ខ្លួនក៏អាចដាក់ទណ្ឌកម្មជាឯកតោភាគីទៅលើកូរ៉េខាងជើងបានដែរ៕