(ពោធិ៍សាត់)៖ អណ្តូងទឹកស្អាត នៅក្នុងខេត្តពោធិ៍សាត់ទាំង១៦កន្លែង ក្នុងនោះក្រុងពោធិ៍សាត់៨អណ្តូង ស្រុកបាកាន ៣អណ្តូង និងស្រុកក្រគរ៥អណ្តូង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានធ្វើពិធីប្រគល់ជូនប្រជាពលរដ្ឋ ជារួមតែមួយកន្លែង នៅក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា សាខាកាកបាទ ក្រហមកម្ពុជាខេត្ត ទទួលបានអណ្តូងស្នប់ ប្រភេទអាហ្វ្រីដេសចំនួន១៦កន្លែង ក្នុងនោះបានផ្តល់ជូននៅក្រុងពោធិ៍សាត់ ៨អណ្តូង ក្នុង៥សង្កាត់ ស្រុកបាកាន៣អណ្តូង ក្នុងឃុំ១ និងស្រុកក្រគរ ៥អណ្តូង ក្នុងឃុំ៥ សម្រាប់ប្រជាពលរដ្ឋ ចំនួន ៤៤៨គ្រួសារ និងមនុស្ស១៤២៦៩នាក់ ប្រឈមខ្លាំងក្នុងការជួបកង្វះខាតទឹក ដែលជាអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ នេះគឺមិនមែនជា លើកទី១នោះទេ ដែលកន្លងមក សាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានទទួល និងផ្តល់ជូនប្រជាពលរដ្ឋ ប្រើប្រាស់រួចមកហើយ នូវអណ្តូងទឹកស្អាតចំនួន៤០អណ្តូង នៅឆ្នាំ២០១៤ គឺនៅស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង។
លោកបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ម៉ៅ ធនិន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានពាំនាំនូវការសាកសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់ ដោះស្រាយបានទាន់ពេលវេលា នូវរាល់សំណូមពរនិងពីកង្វះខាត របស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះក៏មានខេត្តពោធិ៍សាត់ផងដែរ។
លោកបន្តថា គោលដៅរបស់កាកបាទក្រហមកម្ពុជា ផ្តោតសំខាន់ដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ ដែលជួបបញ្ហាប្រឈម គ្រោះធម្មជាតិ ត្រូវតែធ្វើការឆ្លើយតប និងដោះស្រាយមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់ ស្លាប់អត់បាយដោយរដ្ឋអំណាច និងកាកបាទក្រហមកម្ពុជាមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ ជាពិសេសបញ្ហាគ្រោះរាំងស្ងួត អាកាសធាតុ ឡើងកម្តៅខ្លាំង ធ្វើឲ្យតំបន់មួយចំនួននៅក្នុងខេត្ត ជួបកង្វះខាតទឹកប្រើប្រាស់។
នៅក្នុងខណៈនោះដែរ ក៏មានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋដែលបានចូលរួមជាង១០០នាក់ ក្នុងនោះលោកយាយ ៣០នាក់ ទទួលបានសារុងម្នាក់១ និងថវិកា២ម៉ឺនរៀល ក្រៅពីនោះទទួលបានក្រមាម្នាក់១ និងបានអញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកស្អាតនាពេលនោះផងដែរ៕