(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរងកោះកុង បានដឹកនាំក្រុមការងារ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលជាមួយប្រជានេសាទ ដែលអញ្ជើញមកចុះបញ្ជីជលយានយន្ត នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានអំពាវនាវប្រជានេសាទទាំងអស់ ដែលពុំទាន់បានចុះបញ្ជីជលយានយន្ត សូមចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ជាពិសេស សូមជួយផ្សព្វផ្សាយបន្តដល់សាច់ញាតិ និងអ្នកជិតខាងទាំងអស់ ដែលមានទូក ពុំទាន់បានចុះបញ្ជី ឱ្យគាត់បានដឹង និងបានមកចុះបញ្ជីទាំងអស់គ្នា។
លោកស្រីបានលើកឡើងថា ក្រុមការងាររបស់រដ្ឋបាល មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាសម្របសម្រួលផ្តល់សេវាកម្មចុះបញ្ជីជលយានយន្តជូនប្រជាពលរដ្ឋល្អប្រសើរ។ ថែមទាំងបង្ខិតសេវានេះឱ្យគៀកនឹងសហគមន៍រស់នៅពលរដ្ឋតែម្តង មិនឱ្យចំណាយពេលវេលា ឬថវិកាច្រើនឡើយ។
លោកស្រីអភិបាលរងខេត្ត បានបន្ថែមថា ការចុះបញ្ជីជលយានយន្តនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះប្រជានេសាទនឹងទទួលបាននូវភាពស្របច្បាប់ និងងាយស្រួលក្នុងការស្នើសូមប្រកបអាជីវកម្មផ្សេងៗ រួមជាមួយ នឹងការទិញ លក់ ផងដែរ។ ជាពិសេសជានេះទៅទៀត កម្លាំងមានសមត្ថកិច្ច មានភាពងាយស្រួលក្នុងការស្រាវជ្រាវ ស្វែងរក នៅពេលមានករណីចោរលួច ឬបាត់បង់ ដោយប្រការណាមួយ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីអភិបាលរងខេត្ត បានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងអស់ ត្រូវខិតខំសម្របសម្រួលផ្តល់សេវាជូនប្រជានេសាទទាំងអស់ ឱ្យបានឆាប់រហ័ស មានតម្លាភាព និងការជឿ ទុកចិត្ត រួមជាមួយនឹងកិច្ចសហការល្អ ធ្វើយ៉ាងណាឱ្យការងារដើរទៅដោយរលូន និងប្រកបដោយផ្លែផ្កា។
លោកស្រីក៏បានផ្តាំផ្ញើដល់ប្រជានេសាទឱ្យមានការប្រុងប្រយ័ត្នឱ្យខ្ពស់មុនចេញនេសាទ ពីព្រោះលើផ្ទៃសមុទ្រវាមានហានិភ័យខ្លាំងណាស់៕