(ឧត្តរមានជ័យ)៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសំរោង បានស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយគាស់សោបន្ទប់ពិសោធន៍ និងកាត់ចម្រឹងបង្អួចទីចាត់ការ នៃវិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយលួចយកសម្ភារមួយចំនួន។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក អ៉ិន គិន អាយុ៥៦ឆ្នាំ មានទីលំនៅភូមិគោគរ សង្កាត់សំរោង ក្រុងសំរោង មុខរបរនាយករងវិទ្យាល័យតេជោ សែន សំរោង បានប្ដឹងរាយការណ៍ថា មានមានជនសង្ស័យលួចគាស់សោបន្ទប់ពិសោធន៍ និងបន្ទប់កែច្នៃអាហារ យកចង្ក្រានអគ្គិសនីចំនួន០២គ្រឿង, ម៉ាស៊ីនក្រឡុកផ្លែឈើចំនួន០១គ្រឿង, បំពង់បំណិតវិភាគ (ធ្វើអំពីកែវ) ចំនួន០១, ទ័រម៉ូម៉ែត្រអេឡិចត្រូនិចចំនួន០១ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០០៖៥២នាទី។

ចោរបានកាត់ចម្រឹងបង្អួចបន្ទប់ទីចាត់ការចូលលួចយកកុំព្យូទ័រ ០១ឈុត ម៉ាក HP-280 G3 MT ពណ៌ខ្មៅ និងក្តារឈ្នួនអេឡិចត្រូនិច ម៉ាក VSON ចំនួន ០៥គ្រឿង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យតេជោសែនសំរោង ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រោយទទួលបានពាក្យបណ្តឹង និងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការខេត្តឧត្តរមានជ័យ, លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ចុះដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងកំណត់បានមុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នូ សែន អាយុ២០ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង និងដកហូតបានវត្ថុតាង ០១ចំនួន នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីធ្វើការសួរនាំ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនមានបក្ខពួក២នាក់ទៀត រួមមាន៖

*ទី១៖ ឈ្មោះ លី សន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
*ទី២៖ ឈ្មោះ ថា រស្មី ហៅ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្រោយទទួលបានចម្លើយនេះ សមត្ថកិច្ចបានស្រាវជ្រាវរហូតឃាត់ខ្លួន បានជនសង្ស័យទាំងពីរនេះ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើការកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ អនុវត្តវិធានការតាមច្បាប់បន្ត៕