(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ដល់សាធារណជនទាំងអស់ថា បច្ចុប្បន្ននេះ នៅកម្ពុជាមិនទាន់រកឃើញមានករណី ហ្ស៉ីកា (ZIKA) នៅឡើយទេ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលនៃកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១១ ខែកញ្ញានេះថា ក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍វិធានការការពារជំងឺនេះ ដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងជំងឺគ្រុនឈាមដែលក្រសួងបានផ្សព្វផ្សាយរួចហើយ។
លោកស្រីបញ្ជាក់ទៀត មន្ទីរពិសោធន៌ជាតិ នៃវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចពិនិត្យរកជំងឺហ្ស៉ីកានេះបាន។ ដូច្នេះទាល់តែមានការពិនិត្យឈាម ដោយមន្ទីរពិសោធន៌បានត្រឹមត្រូវសិន ទើបអាចធ្វើការសន្និដ្ឋាន ថាជាជំងឺហ្សីកាបាន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា «បើមានករណីសង្ស័យ សុំរាយការណ៍មកក្រសួងសុខាភិបាល ជាបន្ទាន់តាមលេខ ១១៥ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា ឬទៅមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិត លោកអ្នក»។
សូមអានឯកសារសំរាប់ការយល់ដឹង និងការការពារជំងឺ Zika ដូចខាងក្រោម៖