(ចិន)៖ នៅរសៀលថ្ងៃទី ១១ កញ្ញា ដដែលនេះ បន្ទាប់ពីបានជួបក្រុមហ៊ុន Spring Airlines and Tour រួចមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាត្តអោយ លោក Li Jin’ge អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Huawei ចូលជួបនៅផ្ទះសំណាក់ Lyuan Resort ទីក្រុង ណាននីញ ប្រទេសចិន។ លោក Li Jin’ge បានសំដែងនូវការត្រេកអរដែល សម្តេចតេជោ បានឆ្លៀតពេលផ្តល់ឱកាសអោយក្រុមហ៊ុនលោកបានចូលជួប សំណេះសំណាលនិងពិភាក្សាការងារ មួយចំនួន។ ក្រុមហ៊ុន Huawei ទទួលផលចំណេញជារៀងរាល់ឆ្នាំ ដែលនៅឆ្នាំ ២០១៥ គឺសម្រេចបាន៦០,០០០ លានដុល្លារ និងនៅឆ្នាំ ២០១៨ គ្រោងអោយបានដល់ ៨០,០០០លានដុល្លារ។ ចំពោះកម្ពុជា គឺក្រុមហ៊ុនបានផ្តល់ការងារដល់ពលរដ្ឋ កម្ពុជាប្រមាណជាង៤០០ នាក់ដែល៨០% គឺជាជនជាតិខ្មែរ។
តាមពិតក្រុមហ៊ុនមានប្រវត្តិលើទឹកដីកម្ពុជានៅឆ្នាំ ១៩៩៩ ហើយនៅឆ្នាំ ២០០៤ សម្តេចតេជោ បានអញ្ជើញទៅទស្សនកិច្ច ក្រុមហ៊ុននៅប្រទេសចិន។ ក្រុមហ៊ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសលើ ចំណេះដឹងនិងការងារបច្ចេកវិទ្យាដែលជួយពង្រឹងដល់សន្តិសុខសង្គម។ ចំពោះការងារសង្គម ក្រុមហ៊ុនបានជួយកាកបាទ ក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ព្រមទាំងជួយទៅដល់សកម្មភាពការងារនៃសហព័ន្ឋយុវជនផងដែរ។
សម្តេចតេជោ ហ៊ុន សែន អរគុណដល់ក្រុមហ៊ុន Huawei ដែលបានជួយដល់កម្ពុជាទោះបីតាមគម្រោង រដ្ឋាភិបាល ឬគម្រោងមនុស្សធម៍ដែលក្រុមហ៊ុនបានជួយមកកម្ពុជា។ នៅក្នុងជំនួបនារសៀលនេះក្រុម ហ៊ុនបានធ្វើអំណោយជា អណ្តូងទឹកចំនួន ៥០ ជូនដល់សម្តេចតេជោដើម្បីផ្តល់ដល់ពលរដ្ឋកម្ពុជា នៅតាមតំបន់ដែលកំពុងខ្វះខាតអណ្តូងទឹក ប្រើប្រាស់៕