(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃអាទិត្យនេះ បានព្រមានជាថ្មីថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស បើសិនជាមិនអាចរក ដំណោះស្រាយនយោបាយជាមួយ គណបក្សកាន់អំណាចបាន។ លោក កឹម សុខា បានអះអាងថា មហាបាតុកម្មនោះគឺជាជម្រើសចុងក្រោយ ដែលធ្វើឡើងបន្ទាប់ពី តុលាការសម្រេចរឿងក្តីរបស់លោក ដោយបិទច្រកតវ៉ា, ទោះបីយ៉ាងណានៅព្រលប់ថ្ងៃទី១១ ខែកញ្ញានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបនឹងការព្រមានរបស់លោក កឹម សុខា ថា «នេះគឺជាជម្រើសដ៏មហាគ្រោះថ្នាក់បំផុតរបស់ កឹម សុខា ចំពោះកម្ពុជាបច្ចុប្បន្ន»។
លោក ផៃ ស៊ីផាន បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «នេះគឺជាជម្រើសដ៏មហាគ្រោះថ្នាក់បំផុតរបស់ កឹម សុខា ចំពោះកម្ពុជាបច្ចុប្បន្ន ក៏ដូចជាការប្រឆាំងផ្ទាល់ចំពោះ ផលប្រយោជន៍ របស់មហាជនទូទៅដែលទទួលបានផលប្រយោជន៍ពីសន្តិភាព និងស្ថេរភាព។ បំណងដ៏អាក្រក់នេះគឺមិនត្រឹមតែប្រឆាំង នឹងកិច្ចការរបស់តុលាការនោះទេ គឺការបង្ហាញយ៉ាងជាក់ច្បាស់នូវការ ប្រមាថប្រឆាំង នឹងនីត្យានុកលភាពក៏ដូចជា ប្រក្រតីភាពនៃដំណើរការរបស់ស្ថាប័នរដ្ឋ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដដែលរូបនោះ បានបន្តអះអាងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលស្របច្បាប់នៃអាណត្តិរបស់ខ្លួន ទទួលបានអំណាចប្រតិបត្តិ និងសុពលភាពក្នុងការប្រឆាំង ឬបង្រ្កាបបំបាត់ចលនាក្រៅច្បាប់ដែលរៀបចំ និងដឹកនាំដោយលោក កឹម សុខានេះ បើទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ចលនាមហាជនក្រៅច្បាប់ដែលត្រៀមរៀបចំដឹកនាំដោយ កឹម សុខានេះ គឺមិនស្ថិតនៅក្នុងបរិបថសេរីភាពបញ្ចេញយោបល់នោះទេ ក៏ប៉ុន្តែវាជាចលនាបះបោល នៃឧទ្ទាមកម្មមួយដែលច្បាប់រដ្ឋ មិនអនុញ្ញាតជាដាច់ខាត។ លោក កឹម សុខា នឹងត្រូវបង់តម្លៃខ្ពស់បំផុត នោះបើចលនាក្រៅច្បាប់នេះនឹងប្រព្រឹត្តពិតប្រាកដមែននោះ។ ជម្រើសនៃកិច្ចការពារនីតិរដ្ឋគឺជាផលប្រយោជន៍ដ៏ឧត្ដុង្គឧត្ដមនៃមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
ការសម្តែងប្រតិកម្មខ្លាំងរបស់មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោក កឹម សុខា នៅក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជន មកពីខេត្តកណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានព្រមាមធ្វើមហាបាតុកម្ម ប្រសិនបើតុលាការ សម្រេច រឿងក្តីរបស់លោក ដោយបិទច្រកតវ៉ា, ប៉ុន្តែនៅព្រលប់ថ្ងៃអាទិត្យនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបនឹង ការព្រមានរបស់លោក កឹម សុខា ថា «នេះគឺជាជម្រើសដ៏មហាគ្រោះថ្នាក់បំផុត»៕